ឥណ្ឌូណេស៊ីថា ការទិញនាវាផ្ទុកយន្តហោះចម្បាំង មិនមែនទុកធ្វើសង្គ្រាមទេ

ហ្សាការតា ៖ ការទិញនាវាផ្ទុកយន្តហោះចម្បាំង ផលិតដោយអ៊ីតាលី Giuseppe Garibaldi នឹងត្រូវប្រើប្រាស់សម្រាប់ការងារជួយសង្រ្គោះគ្រោះមហន្តរាយ មិនមែនទុកធ្វើសង្រ្គាមទេ ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ។

បើតាម CNA ចេញផ្សាយថ្ងៃព្រហស្បតិ៍, នាវាផ្ទុកយន្តហោះចម្បាំងនេះ មានប្រវែង ១៨០ម៉ែត្រ មានបំពាក់ប្រព័ន្ធរ៉ាដា និងអាវុធ ដូចជាមីស៊ីលប្រឆាំងយន្តហោះចម្បាំង ជាមួយនឹងល្បឿនអតិបរមា ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចធ្វើដំណើរបានរហូតដល់ ១២,៩៦៤គីឡូម៉ែត្រ ។

ប្រធានការិយាល័យព័ត៌មាននៃក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirat បាននិយាយថា ឥណ្ឌូណេស៊ីគ្មានចេតនាទិញទិញនាវាផ្ទុកយន្តហោះ ដើម្បីទៅឈ្លានពានប្រទេសណាឡើយ ។ លោកថា ផែនការទិញនាវាផ្ទុកយន្តហោះចម្បាំងដំបូង គឺដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា មិនមែនប្រយុទ្ធ ។

នាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកសមត្ថភាពកងទ័ពឥណ្ឌូណេស៊ី ។ វាក៏ជាគំនិតផ្តួចផ្តើមដែលមានតាំងពីលោកនៅកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ផងដែរ ។

យោងតាមផែនការ នាវាដែលអ៊ីតាលីឈប់ធ្វើប្រតិបត្តិការ បន្ទាប់ពីចូលបម្រើការឲ្យកងទ័ពជើងទឹកចាប់ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា នឹងមកដល់មុនខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែតុលាខាងមុខ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner