ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (ECIH)

ភ្នំពេញ៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)” ដែលជាកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (Incident Response) ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ១៩ ក្រសួង-ស្ថាប័នរដ្ឋ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងស្ថាប័នហិរញ្ញវត្ថុនិងធនាគារ សរុបប្រមាណ ៣០រូប នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាល EC-Council Certified Incident Handler (ECIH) ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយគ្របដណ្តប់លើម៉ូឌុលសំខាន់ៗដែលជាមូលដ្ឋានគ្រឹះចំបងនៃការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។ វគ្គនេះមិនត្រឹមតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែងថែមទាំងផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងការអនុវត្តអនុលោមភាព និងទិដ្ឋភាពច្បាប់ពាក់ព័ន្ធផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនឹងទទួលបាននូវសមត្ថភាពពេញលេញក្នុងការវាយតម្លៃ កំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការគំរាមកំហែង និងហានិភ័យឌីជីថលនានា។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សជំនាញកម្រិតខ្ពស់ និងលើកកម្ពស់ប្រព័ន្ធការពារសន្តិសុខសាយប័រជាតិ ឱ្យស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធលើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner