អ៊ីរ៉ង់ បាញ់ស្រោចមីស៊ីលលើមូលដ្ឋានយោធាអាមេរិកទូទាំងតំបន់មជ្ឈិមបូព៌ា
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងប្រើប្រាស់យន្តហោះដ្រូន វាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី២៨ ខែកុម្ភៈ ជាការសងសឹកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចាប់ដៃទីក្រុងហ៊្សេរុយសាឡឹម វាយលុកទីតាំងយោធា និងរោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ។
យោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ហេតុការណ៍ផ្ទុះជាច្រើនត្រូវបានរាយការណ៍ ទាំងនៅក្នុង ឬក្បែរតំបន់កងកម្លាំងអាមេរិកឈរជើងនៅប្រទេសបារ៉ែន កាតា អារ៉ាប់រួម គុយវ៉ែត និងហ្ស៊កដានី ។
រដ្ឋាភិបាលប្រទេសទាំង៥ មួយចំនួនបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានស្ទាក់ចាប់កម្ទេចមីស៊ីលផ្លោងដែលហោះចូលមក ។
គិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីចំនួនអ្នកស្លាប់ ឬរបួសក្នុងចំណោមសមាជិកយោធាអាមេរិកនៅឡើយទេ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់បានប្រាប់ Fox News Digital ។ រីឯអាជ្ញាធរអាមេរិកក៏មិនទាន់បានចេញផ្សាយជាសាធារណៈនូវតួលេខអ្នកស្លាប់ និងរបួស ឬការវាយតម្លៃការខូចខាតជាផ្លូវការនៅឡើយទេ ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានពិពណ៌នាអំពីប្រតិបត្តិការនេះថា ជាការឆ្លើយតបដោយផ្ទាល់ចំពោះអ្វីដែលទីក្រុងតេហេរ៉ង់ហៅថា ការឈ្លានពានប្រឆាំងនឹងទឹកដីអ៊ីរ៉ង់ ។ មន្ត្រីអ៊ីរ៉ង់បានអះអាងថា ពួកគេបានកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា និងទីបញ្ជាការរបស់យោធាអាមេរិក ៕
ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា

