លោក ហ្សេលេនស្គី ចេញមុខគាំទ្រ សហរដ្ឋអាមេរិក វាយ អ៊ីរ៉ង់

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គ បានបង្ហាញការគាំទ្រការវាយប្រហាររបស់អាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយនិយាយថា វាជារឿងសំខាន់ដែលទីក្រុងវ៉ាស៊ីនតោនត្រូវធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែលោកថា អរិភាពមិនគួររីកធំឡើង រហូតក្លាយជាសង្គ្រាមកាន់តែទូលំទូលាយនោះទេ ។

លោក ហ្សេលេនស្គី ដែលពីមុនធ្លាប់បានអំពាវនាវឱ្យផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់នោះ បានបង្ហោះសារលើបណ្តាញសង្គមថា នៅពេលមានការប្តេជ្ញាចិត្តរបស់អាមេរិក ឧក្រិដ្ឋជនសកលនឹងចុះខ្សោយ ហើយសារនេះ ក៏គួរតែផ្ញើទៅកាន់រុស្ស៊ីផងដែរ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា វាយុត្តិធម៌ណាស់ ក្នុងការផ្តល់ឱកាសឱ្យប្រជាជនអ៊ីរ៉ង់កម្ចាត់របបភេរវកម្ម និងធានាសន្តិសុខសម្រាប់ប្រជាជាតិទាំងអស់ ដែលបានរងគ្រោះដោយសារអំពើភេរវកម្ម ដែលមានប្រភពចេញពីប្រទេសអ៊ីរ៉ង់ ។

ប៉ុន្តែជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងថា វាក៏ជារឿងសំខាន់ផងដែរ ក្នុងការទប់ស្កាត់សង្គ្រាមមិនឱ្យរីករាលដាលកាន់តែទូលំទូលាយ ហើយវាក៏ជាការសំខាន់ដែលអាមេរិកកំពុងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ។

គួរបញ្ជាក់ថា អ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ដែលបានធ្វើសង្គ្រាមជាមួយអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២ ។ អ៊ុយក្រែនបានចោទប្រកាន់អ៊ីរ៉ង់ ថាបានផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាត Shahed ហោះចម្ងាយឆ្ងាយរាប់ពាន់គ្រឿងដល់រុស្ស៊ី ហើយវាក៏ត្រូវបានផលិតផ្ទាល់នៅក្នុងរោងចក្ររុស្ស៊ីផងដែរ ។

បើតាមការលើកឡើងរបស់លោកប្រធានាធិបតី ហ្សេលេនស្គី, រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនអត្តឃាត Shahed ជាង ៥៧.០០០គ្រឿងវាយប្រហារលើប្រទេសអ៊ុយក្រែន ក្នុងអំឡុងសង្គ្រាម ៤ឆ្នាំកន្លងមកនេះ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner