ឯកឧត្តម ហ៊ុន ម៉ានី ៖ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានប្រាប់ដល់សមាជិកយុវជនដែលចូល
រួមថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ។

ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពពេញមួយឆ្នាំរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ បន្ថែមពីលើនេះឯកឧត្តមប្រធានស.ស.យ.ក.បានប្រាប់ដល់សមាជិកយុវជនដែលចូល
រួមថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ។

ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ហាក់បន្ថែមទម្ងន់លើទិសដៅភារកិច្ចដែលសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
បានកំណត់សម្រាប់ឆ្នាំ២០២៦ ដោយសំដៅលើការអភិវឌ្ឍធនធានមនុស្សយុវជនឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចឌីជីថលនិងសកលភាវូបនីយកម្ម ។ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ច និងជំរុញកំណើនជាតិ ។
ពង្រឹងវិន័យ សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាងសង្គមមានសុវត្ថិភាព និងសុចរិតភាព។ការលើកកម្ពស់សុវត្ថិភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវរបស់យុវជននិងពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ។

តាមរយៈសន្និបាតដដែលនេះ ការអនុវត្តភារកិច្ចទទួលខុសត្រូវឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងស្របតាមបេសកកម្ម គោលបំណង និងផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។ពង្រឹងសាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ ដើម្បីធានាការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ក៏ស្ថិតនៅក្នុងទិសដៅការងារ
ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាផងដែរ។អង្គសន្និបាតបានឯកភាពគ្នាថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ។យុវជនគឺជាថាមពលជាតិដ៏មានសក្ដានុពល ដែលអាចធ្វើឱ្យសុបិនក្លាយជាការពិតសម្រាប់អនាគតកម្ពុជា។កម្លាំងសាមគ្គីរបស់យុវជន គឺជាគ្រឹះរឹងមាំបំផុតសម្រាប់ស្ថិរភាព និងវឌ្ឍនភាពជាតិ។ ស្មារតីស្នេហាជាតិ មិនមែនបង្ហាញតែពាក្យស្លោកទេ ប៉ុន្តែបង្ហាញតាមសកម្មភាព និងការលះបង់ពិតប្រាកដ និងយុវជនឌីជីថលត្រូវចេះប្រែក្លាយខ្លួនពីអ្នកស្វែងរកការងារ ទៅជាអ្នកបង្កើតការងារ ។

សូមជម្រាបថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ.៕
ដោយ៖ គ្រី សម្បត្តិ




