លោកជំទាវអគ្គលេខាធិការ OIF ចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តសៀមរាប
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី (OIF) អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញ ទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជា ដែលកំពុង់បន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសនោះលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់បងប្អូនភៀសសឹក ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះ។

ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលនេះ មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ មកពីតំបន់អូរស្មាច់ និងក្រុងសំរោង ជាទីតាំងដែលយោធាថៃ ចូលឈ្លានពាន និងកម្ទេចផ្ទះរបស់ពួកគាត់ ក្រោយបទឈប់បាញ់រវាងកងទ័ពនៃប្រទេសទាំងពីរចូលជាធរមាន៕
រូបថត៖ AKP
