បារាំង ចង់ក្លាយជារដ្ឋនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមត្រជាក់
ប៉ារីស ៖ ប្រទេសបារាំងគ្រោងប្រែក្លាយខ្លួនជារដ្ឋនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ចាប់តាំងពីចុងបញ្ចប់នៃសម័យសង្គ្រាមត្រជាក់ ដើម្បីពង្រឹងតួនាទីរបស់បារាំង នៅក្នុងការការពារសន្តិសុខសហភាពអឺរ៉ុប ។

ថ្លែងនៅឯមូលដ្ឋានកងទ័ពជើងទឹក Ile Longue ដែលជាទីតាំងផ្ទុកនាវាមុជទឹកនុយក្លេអ៊ែរចំនួន ៤គ្រឿងរបស់បារាំងកាលពីថ្ងៃចន្ទ, លោកប្រធានាធិបតី Emmanuel Macron និយាយថា ការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ គឺជារឿងមិនអាចខ្វះបាន ហើយវាក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តនុយក្លេអ៊ែរថ្មីរបស់ប្រទេសបារាំងផងដែរ ។
លោកថា បារាំងនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ហើយក៏អនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះបំពាក់នុយក្លេអ៊ែររបស់ខ្លួនជាបណ្តោះអាសន្ន ទៅកាន់ប្រទេសអឺរ៉ុបចំនួន ៨ ដើម្បីជំរុញសន្តិសុខនៅទ្វីបនេះផងដែរ ។
បើតាម Politico, មូលហេតុដែលបារាំងសម្រេចចិត្តបែបនេះ គឺដើម្បីឆ្លើយតបការអភិវឌ្ឍសព្វាវុធទំនើបៗរបស់រុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ជាពិសេសគឺដើម្បីតាមឱ្យទាន់មហាអំណាចយោធារបស់សហរដ្ឋអាមេរិក ។
ផ្អែកតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI), ប្រទេសបារាំងប្រហែលជាក្តាប់ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣០០ គ្រាប់នៅក្នុងដៃ ពោលតិចជាង ១៣ ដង បើធៀបនឹងចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ៕
ប្រភព ៖ Politico និង RT ប្រែសម្រួល ៖ ឈឹម ទីណា
