លោក ត្រាំ ថា អាមេរិកមានអាវុធធ្វើសង្គ្រាម បានជារៀងរហូត

វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអង្គារ ថា សហរដ្ឋអាមេរិក មានអាវុធ ទុកធ្វើសង្គ្រាម បានជារៀងរហូត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។

សារព័ត៌មានរុស្ស៊ីមួយនេះ បានដកស្រង់ការបង្ហោះតាមរយៈបណ្តាញសង្គម Truth Social របស់ លោក Donald Trump ដោយបានរៀបរាប់ថា «សហរដ្ឋអាមេរិក មានអាវុធបម្រុង ស្ទើរតែគ្មានដែនកំណត់ ដែលអាចធ្វើសង្គ្រាម ជារៀងរហូត»។

លោក បន្ថែមទៀតថា ឃ្លាំងស្តុកអាវុធ របស់សហរដ្ឋអាមេរិក មានទាំងខ្នាតមធ្យម និង មធ្យមកម្រិតខ្ពស់ សម្រាប់ប្រយុទ្ធ រហូតទទួលបានជោគជ័យយ៉ាងធំធេង។ លោក បញ្ជាក់ថា «ឃ្លាំងអាវុធរបស់អាមេរិក ប្រសើរខ្លាំងជាងប្រទេសណា ទាំងអស់»។

ការអួតអាង របស់មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានធ្វើឡើង ចំពេលដែល រដ្ឋបាលរបស់លោក កំពុងប្រកៀកស្មា ជាមួយអ៊ីស្រាអែល ធ្វើសង្គ្រាម ជាមួយនឹងប្រទេសអ៊ីរ៉ង់ ដោយបានចាប់ផ្តើមផ្ទុះ តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។

លោក ត្រាំ ទើបបានប្រាប់កាសែត Daily Mail ថា ប្រតិបត្តិការយោធារួមគ្នា រវាងអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ អាចនឹងចំណាយពេល ១ខែ។

លោក Trump ក៏បានឆ្លៀតចោទប្រកាន់ អតីតមេដឹកនាំអាមេរិក លោក Joe Biden ជុំវិញការផ្តល់អាវុធឱ្យទៅអ៊ុយក្រែន ដោយឥតគិតថ្លៃ ផងដែរ ដែលហាក់ រិះគន់ថា ជាការខ្ចះខ្ចាយ។

ត្រង់ន័យនេះ លោក Trump រៀបរាប់ថា «ជាសំណាងល្អ ខ្ញុំបានកសាងយោធា ឡើងវិញតាំងពីក្នុងអាណត្តិដំបូងរបស់ខ្ញុំ ហើយបន្តធ្វើ បន្ថែមទៀត ទើប សហរដ្ឋអាមេរិក មានស្តុកទុក ហើយត្រៀមខ្លួន ជាស្រេច ដើម្បីឈ្នះសង្គ្រាមធំៗ»៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner