ពលករខ្មែរនៅប្រទេសអ៊ីស្រាអែលប្រាប់ថាសង្គ្រាមបានធូរស្រាលបន្តិច ហើយភ្នាក់រដ្ឋាភិបាលកម្ពុជាណែនាំឱ្យប្រុងប្រយ័ត្ន
ភ្នំពេញ៖ លោក ពេជ្រ មុន្នី ជាពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅប្រទេសអ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃអង្គារថា ស្ថានភាពវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ មកលើទីក្រុង តែល អាវីវ(Tel Aviv) បានធូរស្រាលបន្តចិមកវិញ បន្ទាប់ពីភាពតានតឹងអស់រយៈពេល ៤ថ្ងៃ។ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរបានទទួលការណែនាំពីភ្នាក់ងាររដ្ឋាភិបាលកម្ពុជាឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព។
បានថ្លែងប្រាប់មកបណ្តាញព័ត៌មាន AMS តាមបណ្តាញសង្គម ថា លោក ពេជ្រ មុន្នី ដែលធ្វើជាចុងភៅ ក្នុងភោជនីយដា្ឋនមួយកន្លែង ក្នុងរដ្ឋធានី Tel Aviv អស់រយៈពេល ៧ឆ្នាំមកហើយ រៀបរាប់ថា ស្ថានការណ៍សង្គ្រាម ការបាញ់ប្លោង មានសភាពធូរស្រាលជាងមុនដែលអាចឱ្យលោកទៅបំពេញការងារបានធម្មតាតែស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់។
លោកបានបញ្ជាក់ថា ស្ថានភាពនៅនេះ អត់ដូចប៉ុន្មានថ្ងៃមុនទេ យូរៗមកម្តង ៣ថ្ងៃមុន មកញឹក ១០នាទី ២០នាទី ៣០នាទី វាមកញឹក ប៉ុន្តែឥឡូវមកយូរៗ ៤- ៥ម៉ោងមកម្តង មកទាំងហ្វូងៗ។
របាយការណ៍ផ្លូវការបង្ហាញថា មានពលរដ្ឋ និងនិស្សិតកម្ពុជាសរុបចំនួន៤១០នាក់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុង ប្រទេសមជ្ឈិមបូព៌ាដូចជា រដ្ឋកូវ៉ែត រដ្ឋអេមីរ៉ាត់អារ៉ាប់រួម រដ្ឋកាតា ប្រទេសបារ៉ែន និងប្រទេសអ៊ីស្រាអែល ហើយនិស្សិត កម្ពុជាផ្នែកកសិកម្មដែលកំពុងរៀននៅប្រទេសអ៊ីស្រាអែលមានចំនួនច្រើនជាងគេ គឺរហូតដល់ ២៣៩នាក់។
លោក ពេជ្រ មុន្នី ឱ្យដឹងថា ចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមដំបូងស្ថានទូតកម្ពុជា បានណែនាំឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន និងត្រូវអនុវត្តតាមការណែនាំ និងដំណឹងប្រកាសអាសន្នរបស់អាជ្ញាធរអ៊ីស្រាអែល។
លោកថ្លែងថា ខាងខ្មែរយើងក៏គេផ្តល់ដំណឹងឱ្យ ប្រសិនមានបញ្ហាធ្ងន់ គេផ្តល់លេខទូរសព្ទ ។ខ្ញុំឆែកតាមគ្រុប ហើយអាជ្ញាធរអ៊ីស្រាអែល ក៏គេប្រាប់ដែរ គេផ្តល់ដំណឹងមានការវៃគ្នាជាមួយអ៊ឺរ៉ង់ ពេលគ្រាប់ហោះចូលមក មានសារលោតចូលទូរសព្ទ និងសារ៉ែនជូនដំណឹងឱ្យយើងរត់។
ក្រោយសង្គ្រាមផ្ទុះឡើងភ្លាមៗ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោកមានការភ័យខ្លាច និងបានរត់ចូលលេណដ្ឋាននៅកន្លែងដែលលោករស់នៅដើម្បីការពារសុវត្ថិភាព ដោយសារសង្គ្រាម ដើមឆ្នាំ២០២៦នេះ មានលក្ខណៈខ្លាំងក្លាជាងសង្គ្រាមដែលកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៥ រវាងអ៊ីស្រាអែល និងអ៊ឺរ៉ង់។
លោកមុន្នីបន្ថែមថា ខ្ញុំមិនសូវភ័យ ដោយសារតែខ្ញុំស៊ាំ ខ្ញុំដឹងពីរបៀបរបបរស់នៅក្នុងប្រទេសគេ គេជូនដំណឹងយើងមុន។ នៅទូទាំងអ៊ីស្រាអែល មានកន្លែងរត់ពួនទាំងអស់។
ទោះជាបែបនេះក្តី ចុងភៅកម្ពុជារូបនេះ មិនទាន់មានគម្រោងវិលត្រឡប់មកកម្ពុជាវិញនៅឡើយទេ។
យោងតាម ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងពលករខ្មែរ និងនិស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សានៅប្រទេសមជ្ឈិមបូព៌ា កំពុងរស់នៅក្នុងសុវត្ថិភាពនៅឡើយ៕
ដោយ៖សៅ សុខអេង