អាមេរិក ត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៦ ទំនើបបំផុតក្នុងលោក
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិករំពឹងនឹងបង្អួតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៦ ដែលទំនើបបំផុតក្នុងពិភពលោកនាឆ្នាំ ២០២៨ បន្ទាប់ពីសំងំផលិតអស់រយៈពេលជាច្រើនឆ្នាំ ។
បើតាម interesting engineering, យន្តហោះចម្បាំងបំបាំងកាយនេះមានឈ្មោះថា F-47 ។ យន្តហោះនេះកំពុងផលិតឡើងដោយដៃក្រុមហ៊ុន Boeing ជាមួយកិច្ចសន្យាតម្លៃ ២០ ពាន់លានដុល្លារ ។
យន្តហោះចម្បាំងបំបាំងកាយ F-47 មានល្បឿនលឿនជាងសំលេងដល់ទៅ ២ ដង ជាមួយនឹងសមត្ថភាពហោះហើរក្នុងចម្ងាយជាង ១,៨០០ គីឡូម៉ែត្រ ។
បើធៀបនឹងរយៈចម្ងាយហោះហើរនៃយន្តហោះចម្បាំងបំបាំងកាយ F-22 របស់ក្រុមហ៊ុន Lockheed martin, យន្តហោះជំទាន់ទី៦ របស់ Boeing នេះ អាចហោះហើរបានឆ្ងាយជាងជិត ២ ដង ធ្វើឱ្យវាសាកសមសម្រាប់ប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយមិនចាំបាច់ពឹងផ្អែកលើយន្តហោះចាក់សាំងពីលើអាកាស ។
បើតាម The War Zone, យន្តហោះ F-47 នឹងក្លាយទៅជាយន្តហោះចម្បាំងដែលទំនើបបំផុត មានសមត្ថភាពបំផុត និងសាហាវបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ហើយនឹងមិនមានបច្ចេកវិទ្យាណា អាចប្រកួតប្រជែង ឬអាចឈានដល់កម្រិតរបស់វាបានឡើយ ។
ប្រសិនបើអ្វីៗដំណើរការរលូនទៅតាមផែនការ អាមេរិកគ្រោងនឹងផលិតវារហូតដល់ ១៨៥ គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃប្រហែល ៣០០ លានដុល្លារ ខណៈដែលកងទ័ពអាកាសមានគោលបំណងដាក់ឱ្យយន្តហោះចម្បាំងបំបាំងកាយ F-47 ចូលបម្រើសេវាកម្មនៅឆ្នាំ ២០២៩ ឬ ២០៣០ ។
F-47 គឺជាយន្តហោះចម្បាំងជំនាន់ក្រោយ ដែលបង្កើតឡើងដើម្បីជំនួសយន្តហោះចម្បាំងស៊េរីចាស់ F-22 របស់ក្រុមហ៊ុន Lockheed Martin ខណៈបច្ចុប្បន្ន វាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍វិស្វកម្ម និងផលិតកម្ម ៕
ប្រភព ៖ interesting engineering និង The War Zone ប្រែសម្រួល ៖ ឈឹម ទីណា