អាមេរិក ថា អេស្ប៉ាញ ប្តូរចិត្ត មកសហការវិញ ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អាមេរិក អះអាងថា ប្រទេសអេស្ប៉ាញ បានប្តូរចិត្ត មកសហការជាមួយខ្លួនវិញ នៅក្នុងប្រតិបត្តិការសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យសេតវិមាន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយថា ប្រទេសអេស្ប៉ាញបានយល់ព្រម សហការ ជាមួយយោធាអាមេរិក ក្នុងសង្គ្រាមរបស់ខ្លួន លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងម៉ាឌ្រីដ បានបដិសេធ មិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអាមេរិក ប្រើប្រាស់មូលដ្ឋានរបស់ខ្លួន សម្រាប់ធ្វើប្រតិបត្តិការ។

ដោយមិនបានផ្តល់ព័ត៌មានលម្អិត អំពីកិច្ចសហប្រតិបត្តិការ របៀបណានោះ, លោកស្រី Karoline Leavitt និយាយរៀបរាប់ថា «វាជាការយល់ដឹងរបស់ខ្ញុំ ក្នុងរយៈពេលជាច្រើនម៉ោង កន្លងមកនេះ ពួកគេបានយល់ព្រម សហការ ជាមួយយោធាអាមេរិក»។

ការអះអាងនេះ បានធ្វើឡើង នៅ២ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ ប្រកាសថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ មិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ព លើសពីកិច្ចព្រមព្រៀង ឬ មិនស្របជាមួយអង្គការសហប្រជាជាតិ នោះទេ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ថែមទាំងបានថ្កោលទោស ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ថា ដោយចាត់ទុកថា ជា រឿងអយុត្តិធម៌ និង ជាអន្តរាគមន៍យោធាដ៏គ្រោះថ្នាក់ នៅខាងក្រៅអាណាចក្រ នៃច្បាប់អន្តរជាតិ និង ជាការចាកឆ្ងាយពីគោលនយោបាយ របស់សហរដ្ឋអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner