កម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាយុទ្ធនាការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន”។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦។
ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំដល់ប្រជាជន សូម កុំ ចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ, ហើយត្រូវសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់ ព្រមទាំងចាប់អាជីពណា ដែលត្រឹមត្រូវស្របតាមច្បាប់។
ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មី គឺជាការរៀបចំដើម្បីអបអរសាទរ និងថែរក្សាប្រពៃណីជាតិរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ ព្រមជាមួយនោះក៏ត្រូវជំរុញដំណើរជីវិតឱ្យទៅមុខ ដោយត្រូវពង្រឹងខ្លួនឯង។
ការរៀបចំនេះ គឺផ្តោតទៅលើសាមគ្គីភាព និងភាពរឹងមាំរបស់ជាតិ ដែលត្រូវរៀបចំឱ្យបានសមស្របតាមប្រពៃណី និងមិនត្រូវបំភ្លេចដល់ជនភៀសសឹក ដោយនឹងបំផុសសិល្បករ និងសប្បុរជនទៅសួរសុខទុក និងលើកទឹកចិត្តផ្ទាល់ជាមួយបងប្អូនជនភៀសសឹក នៅមូលដ្ឋាន ជាពិសេសក្នុងកម្មវិធីនគរសង្ក្រាន្ត ក៏នឹងមានការជំរុញផ្សព្វផ្សាយអំពីវីរកងទ័ពនៅតាមទីតាំងផ្សេងៗ ដើម្បីបង្ហាញ ទៅដល់ប្រជាជន ដែលនឹងអញ្ជើញទៅទស្សនាផ្ទាល់។
ជាមួយគ្នានោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរពីគ្រប់ទិសទី ដែលបានចូលរួមជាចលនាជាតិនិយមយ៉ាងសកម្មក្នុងចលនាជាតិនិយមតាមរយៈការចូលរួមយ៉ាងច្រើនក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងទ័ព ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការសាមគ្កីជាតិ ស្មារតីជាតិនិយម និងស្នេហាជាតិ ទឹកដី និងប្រជាជនយ៉ាងប្រាកដបំផុត។
មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់មជ្ឈិមបូព៌ា ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងត្រូវតាមដានសភាពការណ៍ឱ្យជាប់ជាប្រចាំ ដើម្បីដាក់ចេញវិធានការឱ្យបានលឿន និងទាន់ពេល។
បន្ថែមពីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតាមដានឱ្យជាប់ពីទិន្នន័យ និងការប្រែប្រួលប្រេង ដើម្បីធានាស្ដុកប្រេងសម្រាប់ប្រើប្រាស់ និងស្ថិរភាពតម្លៃប្រេង ។
ជាទីបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ, ទិសដៅការងារ, បទបញ្ជា និងសេចក្តីណែនាំនានាអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍មួយ ដែលគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍជាតិ និងស្របតាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជិវិត និងសហគមន៍គ្មានគ្រឿងញៀន៕

















