ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាត្រូវតែខំប្រឹងប្រែងឈរ និងដើរទៅមុខជាប្រចាំ

«យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។» នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលអំពាវនាវឲ្យបង្វែរការឈឺចាប់ មកជាការខិតខំប្រឹងប្រែងដើរទៅមុខកាន់តែអង់អាច ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងពិធីបើកពិព័រណ៍រថយន្តនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ស្ថានភាពតំបន់ និងសកលលោក កំពុងរងការប្រឈមយ៉ាងខ្លាំង ដោយសារភាពផុយស្រួយនៃសណ្តាប់ធ្នាប់ពិភពលោក ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងតំបន់, អស្ថិរភាពនយោបាយ និងសន្តិសុខសកលលោក ការកើនកម្តៅភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងប្រទេសនានា សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងរវាងមហាអំណាច គួបផ្សំនឹងការវិវត្តយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យាល ពិសេសចុងក្រោយ សង្គ្រាមយោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលសុទ្ធតែជាមេរៀនសម្រាប់កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមបញ្ជាក់ថា៖ «យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។ កម្ពុជាត្រូវតែខំប្រឹងប្រែងឈរ និងដើរទៅមុខជាប្រចាំ។ ស្ថានភាពកាន់តែមិនច្បាស់លាស់ យើងកាន់តែត្រូវប្រឹងប្រែង! ឆ្នាំ២០២៥ ជាចំណុចរបត់ ដ៏ធំសម្រាប់កម្ពុជា ដែលយើងទាំងអស់គ្នាជាប្រជាជនខ្មែរត្រូវសម្លឹងមើលឱ្យបានឆ្ងាយ, ឱ្យបានស៊ីជម្រៅ និងទូលំទូលាយ អំពីគោលដៅដែលនាវាកម្ពុជាកំពុងឆ្ពោះទៅមុខ ជាពិសេស ដើម្បីសម្រេចបាននូវគោលដៅ ឆ្នាំ២០៥០។»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តខិតខំ ដើម្បីសម្រេចទិសដៅអនាគត ដោយតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំ ដែលគ្រប់គ្រងបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍន៍របស់ខ្លួន។

ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម និងការពង្រឹងភាពប្រកួតប្រជែង តាមរយៈការជំរុញ និងការទាក់ទាញឧស្សាហកម្មចំគោលដៅ ដែលមានតម្លៃបន្ថែមខ្ពស់, បង្កើនល្បឿនការដ្ឋានកែទម្រង់ជា «ប្រព័ន្ធរដ្ឋបាលតែមួយ» ក្រោមស្មារតី ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិន និងសហគមន៍ធុរកិច្ច៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner