តម្លៃប្រេងនៅកម្ពុជាត្រៀមធ្លាក់ចុះវិញ តាមតម្លៃទីផ្សារអន្តរជាតិ
ភ្នំពេញ៖តម្លៃប្រេងឥន្ធនៈបានបន្តហក់ឡើងបន្ថែមទៀតនៅថ្ងៃពុធទី១១ ខែមីនា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃប្រេងថ្មីនឹងធ្លាក់ចុះមកវិញក្នុងពេលខាងមុខនេះ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន AMS ថា តម្លៃថ្មីនឹងស្របតាមនិន្នាការនៃការធ្លាក់ចុះនៃតម្លៃលើទីផ្សារអន្តរជាតិ។
ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលតម្លៃប្រេងឡើងថ្លៃនៅថ្ងៃនេះ គឺដោយសារការលក់ចេញនូវស្តុកចាស់ដែលបាននាំចូលក្នុងតម្លៃខ្ពស់កាលពីពេលមុន។
ឯកឧត្តមបញ្ជាក់ថា បើសិនតម្លៃនេះវាថយចុះ ហើយបន្តថយចុះទៀត ជាពិសេសប្រេងចម្រាញ់រួច នៅក្នុងតំបន់ យើងនឹងគិតគូទម្លាក់តម្លៃតថែមទៀត។
ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃថ្មីសម្រាប់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃពុធ ទី១១ ខែ មីនា។ តម្លៃថ្មីសម្រាប់ប្រេងសាំងធម្មតា គឺ ៥,២០០ រៀល កើនឡើង ៨០០ រៀល បើធៀបនឹងតម្លៃចាស់កាលពីម្សិលមិញ និងប្រេងម៉ាស៊ូតមានតម្លៃ ៦,០៥០ រៀល កើនឡើង ៩០០ រៀល ក្នុងមួយលីត្រ។
បើធៀបនឹងតម្លៃកាលពីដើមខែមីនា សាំងធម្មតាឡើងថ្លៃចំនួន ១៣៥០ រៀលក្នុងមួយលីត្រ។ រីឯប្រេងម៉ាស៊ូតឡើងថ្លៃ ២២០០ រៀលក្នុងមួយលីត្រ។
ទោះជាបែបនេះក្តី ក្រសួងពាណិជ្ជកម្មនឹងកំណត់តម្លៃលក់រាយថ្មីលើប្រេងឥន្ធនៈរៀងរាល់ ៣ថ្ងៃម្តងក្នុងពេលនេះ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង។
គិតត្រឹមថ្ងៃពុធ ទី ១១ ខែមីនានេះ តម្លៃប្រេងអន្តរជាតិ នៅមានតម្លៃថេរ គឺក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃនេះបានចុះពីជិត១២០ ដុល្លារក្នុងមួយបារ៉ែលកាល ក្រោយការថ្លែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សង្រ្គាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ កាលពីយប់ថ្ងៃចន្ទទី៩ ខែមីនា។
លោកបណ្ឌិត ជ័យ តិច អ្នកជំនាញសេដ្ឋកិច្ច បានផ្តល់អនុសាសន៍ជំរុញឱ្យរាជរដ្ឋាភិបាល បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនឯកជននាំចូលប្រេង ដើម្បីធានាឱ្យបាននូវតម្លាភាព និងសង្គតិភាពនៃតម្លៃ។ លោកបានសង្កត់ធ្ងន់ថា ការកំណត់តម្លៃប្រេងនៅកម្ពុជា គួរតែមានសមាមាត្រត្រឹមត្រូវស្របតាមបម្រែបម្រួលនៃតម្លៃទីផ្សារពិភពលោក ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងស្ថេរភាពសេដ្ឋកិច្ច។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាបាននាំចូលប្រេងឥន្ធនៈពីបណ្ដាប្រទេសធំៗមួយចំនួន រួមមានសហរដ្ឋអាម៉េរិក បារាំង វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន ជាដើម។យ៉ាងណាក៏ដោយក្នុងពេលនេះ ប្រទេសវៀតណាម ហ្វ៊ីលីពីន និងថៃ បានកាត់បន្ថយថ្ងៃធ្វើការនៅផ្ទះរបស់មន្រ្តីរាជការ និងបុគ្គលិកសាធារណៈ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល៕
ដោយ៖ទួន សុផល
