គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ
ភ្នំពេញ៖គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត នៅថ្ងៃសុក្រទី១៣ ខែមីនា នេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត ត្រូវបានរៀបចំដោយក្រសួងពាក់ព័ន្ធក្នុងពេលជាមួយការបើកប្រតិបត្តិការបង្រ្កាបការឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់បណ្តាញព័ត៌មាន AMS ថា បើគ្មានការប្រែប្រួលទេ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងនាំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។
ឯកឧត្តមបញ្ជាក់ថា ថ្ងៃសុក្រនេះច្បាប់អនឡាញនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ហើយលើសពីនេះក្រុមការងារនឹងផ្ដល់ព័ត៌មានជូនបងប្អូនអ្នកសារព័ត៌មានតាមក្រោយទៀត។
ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះមិនបានបញ្ជាក់លម្អិតថាសេចក្ដីព្រាងច្បាប់នេះមានអ្វីខ្លះ និងមានប៉ុន្មានមាត្រានោះទេ ដោយសារឯកឧត្តមថាសេចក្ដីព្រាងច្បាប់នេះមានភាពស្មុគស្មាញច្រើនទាមទារការត្រួតពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន។ ចំណែកការបញ្ជូលទៅរដ្ឋសភាពិនិត្យនិងសម្រេចក៏មិនទាន់ដឹងថ្ងៃជាក់នោះដែរ។
លោក សុក សំអឿន មេធាវី និងជាអ្នកជំនាញច្បាប់មានបទពិសោធន៍មួយរូបនៅកម្ពុជា យល់ឃើញថាសេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនេះ មានសារសំខាន់។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ នៅថ្ងៃទី៤មីនា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្តងទៀតពីការតាំងចិត្តលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦នេះ។
កម្ពុជាបាននិរទេសជនបរទេសដែលសង្ស័យថាជាអ្នកឆបោកជាង ៤៨.០០០នាក់ ខណៈជនបរទេសជាង ២១ម៉ឺននាក់ផ្សេងទៀតបានចាកចេញពីព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងការឆបោកតាមអនឡាញបានបង្កើនការរឹតបន្តឹងតាំងពីខែមិថុនាឆ្នាំមុន៕
ដោយ៖សេង បារាំង
