ក្រសួងកសិកម្ម ព្រមានពីហានិភ័យចម្លងជំងឺ ដោយការចិញ្ចឹម សត្វត្រចៀកកាំ

ភ្នំពេញ៖រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម បាន ព្រមាន ម្ចាស់អាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ឲ្យ ប្រុងប្រយ័ត្ន ចំពោះ ហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្ស និងការ បង្កសំឡេងរំខានដល់ពលរដ្ឋក្នុងសហគមន៍។


នៅ ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៦ ខែមីនា ប៉ុន្តែ បាន ធ្លាក់ដល់ដៃបណ្តាញ ផ្សព្វផ្សាយ នៅថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋ បាល ព្រៃឈើ មិន បាន បង្ហាញ ថា តើជំងឺ ដែលអាចឆ្លងពីសត្វត្រចៀកកាំ ទៅមនុស្ស នោះ អាច ជាជំងឺប្រភេទអ្វីនោះទេ។ ប៉ុន្តែ រដ្ឋបាល ព្រៃឈើ ក្រើន រំលឹក ដល់ ម្ចាស់អាជីវកម្ម ថា ក្នុងករណីមានសត្វត្រចៀកកាំឈឺ ឬងាប់ខុសធម្មតា ម្ចាស់ទីតាំងត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីជំនាញ ឬអាជ្ញាធរដែលនៅជិតបំផុត ដើម្បីចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា។ជាមួយគ្នានេះដែរ ស្ថាប័នសាធារណៈដដែល កត់សម្គាល់ថា ការសាងសង់អគារសម្រាប់សត្វត្រចៀកកាំ មានការកើនឡើងយ៉ាងខ្លាំង។ ហើយ ខ្លួន មានក្តីបារម្ភចំពោះម្ចាស់ទីតាំងដែលកំពុងប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងៗហួសកម្រិត ដើម្បីទាក់ទាញសត្វត្រចៀកកាំ ដែលសកម្មភាពនេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងរំខានដល់ភាពស្ងប់ស្ងាត់នៅតាមសាលារៀន និងតំបន់លំនៅឋាន។


ជុំវិញបញ្ហានេះ រដ្ឋបាលព្រៃឈើ បានទទូចឳ្យម្ចាស់ផ្ទះត្រចៀកកាំទាំងអស់គ្រប់គ្រងកម្រិតសំឡេងឲ្យស្ថិតក្នុងស្ដង់ដារដែលអនុញ្ញាតដោយច្បាប់ ដើម្បីបញ្ចៀសការរំខានដល់អ្នកជិតខាង ជាពិសេសក្នុងតំបន់ពាណិជ្ជកម្ម និងលំនៅឋាន។ បន្ទាប់មក ម្ចាស់អាជីវកម្មត្រូវអនុវត្តវិធានជីវសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវធ្វើអនាម័យទាំងក្នុង និងក្រៅអគារជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងជំងឺ។
យោងតាមសមាគមសំបុកត្រចៀកកាំខ្មែរ បច្ចុប្បន្ននៅកម្ពុជា មានផ្ទះត្រចៀកកាំប្រមាណជាង ៥ពាន់ផ្ទះ មានសមត្ថភាពផលិតសំបុកត្រចៀកកាំបានចំនួនជាង ១០០តោន ក្នុងមួយឆ្នាំ។


បើតាមប្រភពដដែល សព្វថ្ងៃនេះការនាំចេញផលិតផល សំបុកត្រចៀកកាំរបស់កម្ពុជា ក្រៅផ្លូវការទៅទីផ្សារប្រទេសជិតខាង មានទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំៗ៕
 
ដោយ៖ទួន សុផល

ads banner