NASA នឹងវិលត្រឡប់ទៅកាន់ភពព្រះចន្ទលើកដំបូង ក្នុងពេលជាង ៥០ ឆ្នាំ

វ៉ាស៊ីនតោន ៖ អង្គការណាសា ប្រកាសថា ខ្លួននឹងចាប់ផ្តើមបេសកកម្ម Artemis II នៅដើមខែមេសាខាងមុខ ដើម្បីបញ្ជូនអវកាសយានិកហោះហើរជុំវិញភពព្រះចន្ទជាលើកដំបូង ក្នុងរយៈពេលជាង ៥០ ឆ្នាំ ។

អ្នកគ្រប់គ្រងរងស្តីទីរបស់បេសកកម្មអង្គការណាសា លោកស្រី Lori Glaze និយាយនៅថ្ងៃសុក្រ ថា ការហោះហើរមានអវកាសយានិកជុំវិញភពព្រះចន្ទ នៅតែជាបេសកកម្មធ្វើតេស្ត មិនថាគ្មានហានិភ័យនោះទេ ។

លោកស្រីថា កម្មវិធី និងក្រុមការងាររបស់ពួកយើង បានត្រៀមខ្លួនរួចជាស្រេចហើយ ហើយការបាញ់បង្ហោះទំនងជាធ្វើឡើងនៅថ្ងៃទី១ ខែមេសាខាងមុខ ។

បើតាមអង្គការណាសា, ខ្លួនកំពុងត្រៀមខ្លួនបញ្ជូនយាន Artemis II ទៅកាន់ជើងទម្របាញ់បង្ហោះ ស្ថិតនៅមជ្ឈមណ្ឌលអាវកាស Kennedy នាសប្តាហ៍ក្រោយនេះ ជាការបន្តបេសកកម្មនៅដើមខែមេសា បន្ទាប់ពីការពន្យាពេលម្តងហើយម្តងទៀត ។

យាន Artemis II ត្រូវបានរចនាឡើង ក្នុងការបញ្ជូនអវកាសយានិក ៤នាក់ ទៅកាន់គន្លងតារាវិថីនៅជុំវិញភពព្រះចន្ទ ដើម្បីធ្វើឲ្យវាក្លាយជាបេសកកម្មមានមនុស្សជាលើកដំបូង ក្នុងរយៈពេលជាង ៥ទសវត្សរ៍ ។

Artemis 2 គឺជាបេសកកម្មទី ២ នៅក្នុងកម្មវិធីភពព្រះចន្ទមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីការហោះហើរគ្មានមនុស្សកាលពីឆ្នាំ ២០២២ ។

វាក៏ជាការហោះហើរលើកដំបូង ក្នុងការបញ្ជូនក្រុមអវកាសយានិកហោះជុំវិញភពព្រះចន្ទ ក្នុងដំណើររយៈពេល ១០ថ្ងៃ ទៅកាន់ទីតាំងជិតបំផុតពុំធ្លាប់មាននៅទីអវកាស ។

ក្រៅពីបេសកកម្មនេះ អង្គការណាសាក៏ចង់ធ្វើតេស្តប្រព័ន្ធទ្រទ្រង់ជីវិតរបស់យាន Orion មុនពេលបេសកកម្ម Artemis III បញ្ជូនអវកាសយានិកទៅចុះចតលើផ្ទៃភពព្រះចន្ទ នៅឆ្នាំ ២០២៨ ផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner