ក្រសួងបរិស្ថានចាត់វិធានការចាំបាច់មួយចំនួនដល់ម្ចាស់រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងនៅកំពង់ស្ពឺ
ភ្នំពេញ៖៖រោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលមានទីតាំងនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថា ដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិន ស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ភ្លាមៗនោះ មន្រ្តីជំនាញក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់មួយចំនួនឱ្យម្ចាស់រោងចក្រ
មួយនេះបំពេញកាតព្វកិច្ច។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលមានទីតាំងនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។មន្រ្តីអធិការកិច្ចបានរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹង មាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

ក្រោយការរកឃើញក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់ចំនួន៦ចំណុច ក្នុងនេះ៖១. ក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់។ ២. ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល។ ៣. ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញនៅទីតាំង ដែលទទួលរងការបំពុល។ ៤. ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ ។៥.ក្រុមហ៊ុនត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។ ៦. ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជា ការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែក។

សូមបញ្ជាក់តាមរយៈសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចំងាយប្រហែល ៧០០ម៉ែត្រ បានប្រាប់ថាមានក្លិនស្អុយចេញពីទីតាំងរោងចក្រកែច្នៃស្វាយព្រមទាំងទឹកសំអុយបង្ហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់ពួកគាត់ ជាពិសេសនៅរដូវវស្សា៕
ដោយ៖ង៉ាន់ ទិត្យ






