រដ្ឋមន្រ្តីអប់រំ៖កំណែទម្រង់សាលារៀន គឺធ្វើទាំងសាលារដ្ឋនិងសាលាឯកជន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាកំណែទម្រង់សាលារៀនរបស់ក្រសួង គឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំប្រចាំឆ្នាំ២០២៥។មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កំណែទម្រង់វិស័យអប់រំក្នុងរយៈពេល១០ឆ្នាំមកនេះរដ្ឋមន្រ្តីក្រសួងអប់រំបានគូសបញ្ជាក់ថា កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប។ឯកឧត្តមបន្ថែមថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដោយចាប់ផ្តើមពីការយកចិត្តទុកដាក់លើការអប់រំកុមារតូច ដែលជាដំណាក់កាលខួរក្បាលលូតលាស់យ៉ាងឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសរំលេចថា ក្នុងបរិបទសតវត្សទី២១ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ សូមសាលារៀនទាំងរដ្ឋ និងឯកជន បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀនក៏ដូចជាការគ្រប់គ្រង។ប៉ុន្តែត្រូវចងចាំថា សមត្ថភាពបទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ។ ក្នុងន័យនេះ វិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ ស្រមើស្រមៃ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា សម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី។
សូមជម្រាបថា មហាសន្និបាតខាងលើរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលសំខាន់ៗ ការរីកចម្រើន និងការផ្តល់នូវបណ្ណសរសើរ និងមេដាយដល់គណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ,ឯកឧត្តមបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា,ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមទីប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ព្រមទាំងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ នាយក នាយិកា និងលោកគ្រូ អ្នកគ្រូចំនួន៦២០នាក់។
ឆ្លងកាត់ការធ្វើរបាយការណ៍អំពីសកម្មនាឆ្នាំ២០២៥ កន្លងទៅ មហាសន្និបាតបានកំណត់ទិសដៅសំខាន់ៗចំនួន៤។
ឯកឧត្តមបណ្ឌិត ហុង លីម បានបញ្ជាក់ថា ទិសដៅធំៗទាំងបួនមាន៖១.លើកកម្ពស់គុណភាពអប់រំ ធានាគុណភាពបង្រៀន និងសិក្សាឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិដោយការចុះត្រួតពិនិត្យផ្ទាល់ និងផ្តល់ការប្រឹក្សាយោបល់ដល់សមាជិក ,២.អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណ:គ្រប់គ្រងដោយរៀបចំវគ្គបណ្តុះបណ្តាល និងពង្រីកបណ្តាញចែករំលែកបទពិសោធន៍រវាងសាលាដែលជាសមាជិក,៣.បន្តចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នដៃគូនានានិងទី៤.អភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការអប់រំឌីជីថល ដោយជំរុញលើការ digital transformation ក្នុងសាលា និងប្រើបច្ចេកវិទ្យាក្នុងការបង្កើនប្រសិទ្ធភាពគ្រប់គ្រង រៀន និងបង្រៀន។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានអបអរសាទរចំពោះគណៈគ្រប់គ្រង នាយក នាយិកា និងគ្រូបង្រៀនឆ្នើមមកពីស្ថាប័នអប់រំចំនួន ១៤០ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធសេវាអប់រំ និងវិស័យអប់រំឯកជន ដែលបានចូលរួមចំណែកក្នុងការជ្រោមជ្រែងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការផ្តល់ថវិកា និងការគាំទ្រដល់បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននាពេលកន្លងមក ដែលសបញ្ជាក់ពីស្មារតីស្នេហាជាតិខ្ពស់៕
ដោយ៖ង៉ាន់ ទិត្យ














