ពលរដ្ឋកម្ពុជាជិត ៧ម៉ឺនគ្រួសារប្រើប្រាស់ «ចង្ក្រានថាមពល» ដែលផ្តល់ដោយសប្បុរសជនដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២២មកត្រឹមខែកុម្ភៈឆ្នាំ២០២៦កន្លងទៅនេះ បណ្តាញសង្គមស៊ីវិលកម្ពុជាបានផ្តល់ «ចង្ក្រានថាមពល» ដល់ពលរដ្ឋចំនួនជិត៧ម៉ឺនគ្រួសារ នៅ២៥៦ភូមិ និង៤១២ឃុំ/សង្កាត់ នៅរាជធានី-ខេត្តចំនួន ១២ ទូទាំងប្រទេស ក្នុងនោះ
មាន ខេត្តសៀមរាប ពោធិ៍សាត់ ភ្នំពេញ ឧត្តមានជ័យ បាត់ដំបង កំពង់ធំ ក្រចេះ កំពង់ចាម ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរីនិង ខេត្តស្វាយរៀង។
ការផ្តល់ចង្ក្រានបង្កើនថាមពលដល់ពលរដ្ឋកម្ពុជានេះ ជាគម្រោងកាត់បន្ថយការបំពុលបរិស្ថាន ដែលជាអំណោយរបស់ក្រុមហ៊ុនចិន ក្វាវចូវ អាយប៊ឺរ អ៊ីនវីរ៉ុន មេនថល ខុនស៊ុលធីង សឺវីស (Guangzhou Iceberg Environ- mental Consulting Services) មានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុននេះ ផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចូលក្នុងបរិយាកាសតាមរយៈការប្រើប្រាស់ចង្ក្រានបង្កើនថាមពលនេះ។
ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មនៅស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកម្មករមួយចំនួនជាអ្នកពិការភាពផងដែរ។ ចង្ក្រាននេះ មិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូលទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។
លោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាអគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្ត្រី ជាដៃគូសហប្រតិបត្តិការតែមួយគត់របស់ក្រុមហ៊ុនចិនខាងលើបានបញ្ជាក់ក្នុងពេលធ្វើបាឋកថាកាលពីពេលថ្មីៗនេះថា«ចង្ក្រានបង្កើនថាមពល៖ ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់» ។លោកថា ក្នុងបេសកកម្មផ្តល់ចង្ក្រានបង្កើនថាមពលនេះ ក៏ជាផ្នែកតូចមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយភាពក្រីក្រ។លោកក៏បានធ្វើការទំនាក់ទំនងដើម្បីទទួល និងផ្តល់ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ថ្នាក់ខេត្ត និងក្រុមការងារផ្សេងៗដែលចុះជួយមូលដ្ឋាន៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា




