នៅឆ្នាំ២០២៥ កម្ពុជាបានឃាត់ខ្លួន និងបណ្តេញជនបរទេសល្មើសច្បាប់ជាង១ម៉ឺននាក់
គិតត្រឹម១ឆ្នាំ២០២៥ កម្ពុជាបានធ្វើការឃាត់ខ្លួន និងបណ្តេញចេញជនបរទេសល្មើសច្បាប់ ចំនួន ១០ ៣៤៥ នាក់ មាន៦០សញ្ជាតិ ក្នុងនោះ ភាគច្រើនគឺជាជនជាតិចិន បន្ទាប់មកវៀតណាម ឥណ្ឌូនេស៊ី និងថៃ។
នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦របស់គណៈកម្មាធិការនេះ ។
ជាមួយគ្នានេះផងដែរ មន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ បានរកឃើញនិងបង្រ្កាបបទល្មើសអន្តោប្រវេសន៍ និងបទល្មើសព្រហ្មទណ្ឌ សរុបចំនួន ២ ២១១លើក មានជនល្មើសចំនួន ៤ ៦៧៩នាក់។ បទល្មើសភាគច្រើន គឺពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់ ការស្នាក់នៅនិងធ្វើការខុសច្បាប់ ការស្នាក់នៅលើសទិដ្ឋាការ និងអាពាហ៍ពិពាហ៍ខុសច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាលរដ្ឋបាលរាជធានី ខេត្ត ធ្វើយ៉ាងណាត្រូវគ្រប់គ្រងជនបរទេសចេញចូលនៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ព្រមទាំងកំណត់គោលដៅនៃការជួញដូរមនុស្សគ្រប់រូបភាព។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ គឺជាកិច្ចការចាំបាច់ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់ និងទប់ស្កាត់៕
ង៉ាន់ ទិត្យ