ធនាគារពិភពលោកបញ្ជាក់អំពីការបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម កាឡូស ហ្វេលីព ហ្សារ៉ាមីឡូ(Carlos Felipe Jaramillo) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្ដិភាពកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្នុងជំនួបឯកឧត្តម កាឡូស ហ្វេលីព ហ្សារ៉ាមីឡូ អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីគម្រោងនានាដែលកំពុងបន្តអនុវត្តក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ,២. វិស័យទេសចរណ៍ ,៣. វិស័យកម្មន្តសាល ,៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។

អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ជូនសម្ដេចធិបតី ថា ធនាគារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។

ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបឯកឧត្តមអនុប្រធានធនាគារពិភពលោកជាថ្មីម្ដងទៀត។សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

សម្ដេចធិបតី និងឯកឧត្តម ហ្សារ៉ាមីឡូ ក៏បានពិភាក្សាបន្ថែម អំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងអំពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់ នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជា នៃពិភពលោកនាពេលបច្ចុប្បន្ន ។
គួររំលឹកថា កាលពីឆ្នាំ២០១៤ និងឆ្នាំ២០២៥ ធនាគាពិភពលោកបានអនុម័តគម្រោងតម្លៃ ១០៥លានដុល្លារ ដើម្បីជួយដល់កុមារ ដែលខ្សោយជំនាញអក្ខរកម្ម និងគណិតវិទ្យា នៅកម្ពុជា ជួយលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ផ្នែកជំនាញវិទ្យាសាស្ត្រ ឬហៅថា STEM ។ ក្រៅពីវិស័យអប់រំ ធនាគាពិភពលោក ក៏បានជួយជំរុញវិស័យមួយចំនួនផ្សេងទៀត ដូចជាវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ចជាដើម ៕
ដោយ៖វណ្ណលុក
