លោក Zelensky ព្រមានប្រាប់អង់គ្លេស ថា រុស្ស៊ី-អ៊ីរ៉ង់ ស្រាក់ដៃគ្នា បង្កគ្រោះថ្នាក់ធំ
ឡុងដ៍ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានប្រាប់អង់គ្លេស អំពីការគំរាមកំហែង បង្កជាគ្រោះថ្នាក់ធំ ក្រោមការស្រាក់ដៃគ្នា រវាងអ៊ីរ៉ង់ និង រុស្ស៊ី។
អំឡុងការថ្លែងទៅកាន់សភាចក្រភពអង់គ្លេស ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ , ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «របបភេរវករ តែងតែស្វែងរកមធ្យោបាយ ដើម្បីទម្លុះការការពារ» ដោយលោកបានព្រមានអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីកិច្ចសហប្រតិបត្តិការ យ៉ាងជាប់លាប់ រវាងអ៊ីរ៉ង់ និងរុស្ស៊ី។
លោក Zelensky បន្ថែមថា «អ្វីដែលកំពុងកើតឡើង នៅជុំវិញ អ៊ីរ៉ង់ ថ្ងៃនេះ មិនមែនជាសង្គ្រាមឆ្ងាយ សម្រាប់ពួកយើងទេ ដោយសារតែកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់ ហើយ យើងមិនអាចព្រងើយកន្តើយឡើយ ទោះបីជាយើងមានសិទ្ធិ ព្រងើយ ក៏ដោយ»។
ការព្រមាន របស់មេដឹកនាំប្រទេសអ៊ុយក្រែន ដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្ស៊ី រូបនេះ បានធ្វើឡើង បន្ទាប់ពី អង់គ្លេស ក៏ដូចជា អឺរ៉ុប បដិសេធរឿងបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz ជាពិសេស នៅក្រោយពេលដែល អ៊ីរ៉ង់ គំរាមវាយប្រហារកប៉ាល់ណាក៏ដោយ ឲ្យតែហ៊ានបើកឆ្លងកាត់ ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ របស់ពិភពលោកមួយនេះ ។
ជាការទាត់ចោលសំណើ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត បញ្ជូនកម្លាំងយោធា ទៅជួយការពារ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត