អ៊ីស្រាអែល ថា ការសម្លាប់លោក Larijani នឹងបើកដៃឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរបបផ្តាច់ការ
ហ៊្សេរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃ អង្គារ ថា ការសម្លាប់ប្រធានសន្តិសុខជាតិអ៊ីរ៉ង់ លោក អាលី ឡារីចានី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកដៃឱ្យប្រជាជនអ៊ីរ៉ង់ ដកមេដឹកនាំផ្តាច់ការរបស់ពួកគេចេញពីអំណាច ។
បើតាម AFP, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងតាមបញ្ចក់ទូរទស្សន៍រដ្ឋថា ព្រឹកនេះ យើងបានសម្លាប់លោក Ali Larijani ដែលជាចៅហ្វាយនៃកងឆ្មាំបដិវត្តន៍ ជាក្រុមចោរដែលគ្រប់គ្រងប្រទេសអ៊ីរ៉ង់ ។
លោកថា ការផ្តួលរំលំពួកផ្តាច់ការនៅអ៊ីរ៉ង់ មិនអាចកើតឡើងក្នុងពេលតែមួយទេ ហើយក៏មិនងាយស្រួលដែរ ប៉ុន្តែបើសិនអ៊ីស្រាអែលបន្តធ្វើបែបនេះ យើងនឹងផ្តល់ឱកាសឲ្យប្រជាជនអ៊ីរ៉ង់ ក្លាយជាអ្នកសម្រេចជោគវាសនារបស់ពួកគេដោយខ្លួនឯង ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី, លោក បេនចាមីន បានបញ្ជាឲ្យកងកម្លាំងយោធាអ៊ីស្រាអែល តាមប្រមាញ់ជីវិតមន្ត្រីជាន់ខ្ពស់នៃរបបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នទាំងអស់ ។ យ៉ាងណា ខាងភាគីអ៊ីរ៉ង់នៅមិនទាន់ធ្វើការឆ្លើយតបណាមួយភ្លាមៗនៅឡើយទេ ។
គួរបញ្ជាក់ថា ប្រធានសន្តិសុខជាតិអ៊ីរ៉ង់ លោក អាលី ឡារីចានី គឺជាឥស្សរជនជាន់ខ្ពស់បំផុតរបស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេធ្វើឃាត ចាប់តាំងពីមេដឹកនាំកំពូល អាលី ខាមេនី ត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារតាមអាកាសរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
