លោក ត្រាំ ៖ ណាតូ បដិសេធ មិនជួយសង្គ្រោះច្រកសមុទ្រ Hormuz គឺជាកំហុសដ៏ល្ងង់ខ្លៅ
វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថា សហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងដោយសម្ព័ន្ធមិត្ត ណាតូ ភាគច្រើន ដែលអះអាងថា ពួកគេមិនចង់ចូលរួម ក្នុងប្រតិបត្តិការយោធា ទៅជួយសង្គ្រោះច្រកសមុទ្រ Hormuz ទប់ទល់នឹងការគំរាមកំហែង របស់អ៊ីរ៉ង់ ដោយលោកពិពណ៌នាថា គឺជា «កំហុសដ៏ល្ងង់ខ្លៅ»។
ប៉ុន្តែ លោក Trump មិនបានផ្តល់ការចង្អុលបង្ហាញថា លោកមានគម្រោងដាក់ទណ្ឌកម្មសម្ព័ន្ធមិត្ត ណាតូ ចំពោះជំហររបស់ពួកគេនោះទេ ខណៈដែលលោក ត្រូវបានសួរសំណួរ ពីអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអៀរឡង់ លោក Micheal Martin ។
លោក Trump បាននិយាយថា ប្រទេស ណាតូ បានគាំទ្រដល់សង្គ្រាមរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលឥឡូវនេះ បានឈានចូលដល់សប្តាហ៍ទី ៣ របស់ខ្លួន ទោះបីជាពួកគេមិនចង់ចូលរួមក៏ដោយ។
លោក Trump បាននិយាយរៀបរាប់ថា «ខ្ញុំគិតថា NATO កំពុងធ្វើកំហុសដ៏ល្ងង់ខ្លៅ» ។ លោកបានបន្ថែមថា «មនុស្សគ្រប់គ្នាយល់ស្រប ជាមួយយើង ប៉ុន្តែ ពួកគេមិនចង់ជួយ។ ហើយ អ្នកដឹងទេថា យើងជា សហរដ្ឋអាមេរិក ត្រូវតែចងចាំរឿងនេះ ពីព្រោះ យើងគិតថា វាគួរឱ្យភ្ញាក់ផ្អើលណាស់»។
ចំពោះសំណួរថា តើលោកនឹងសងសឹកសម្ព័ន្ធមិត្ត ណាតូ យ៉ាងណាវិញនោះ លោក Trump បាននិយាយថា លោកមិនមិនទាន់គិតដល់រឿងនេះទេ បច្ចុប្បន្ន។
បើតាម CNA, ការអះអាងអំពីកំហុសឆ្គង ណាតូ ដ៏ធ្ងន់ធ្ងរ ចេញពីសម្តី របស់មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានធ្វើឡើង បន្ទាប់ពី អឺរ៉ុប ក៏ដូចជា អង្គការណាតូ បដិសេធរឿងបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz ជាពិសេស នៅក្រោយពេលដែលអ៊ីរ៉ង់គំរាមវាយប្រហារកប៉ាល់ណាក៏ដោយឲ្យតែហ៊ានបើកឆ្លងកាត់ ផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ របស់ពិភពលោកមួយនេះ ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
