អ៊ីស្រាអែល ថា ខ្លួនមិនបានអូសដៃអាមេរិក ចូលក្នុងសង្គ្រាមអ៊ីរ៉ង់ ដូចការចោទ
ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បានថ្លែងបដិសេធ ការចោទប្រកាន់ដែលថា ខ្លួនជាអ្នកអូសដៃសហរដ្ឋអាមេរិក ឲ្យទៅធ្វើសង្គ្រាម ជាមួយអ៊ីរ៉ង់។
ថ្លែងប្រាប់អ្នកកាសែត អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចាត់ទុក ជាព័ត៌មានក្លែងក្លាយ ដែលថា អ៊ីស្រាអែល បានអូសទាញ ប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចូលទៅក្នុងសង្រ្គាមមួយនេះ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នាពេលនោះ បានសាទរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលហៅថា គ្មានគូប្រៀប រវាង លោក Donald Trump និង រូបលោក លើសង្គ្រាមនៅអ៊ីរ៉ង់។
លោក Benjamin Netanyahu រៀបរាប់ថា «ខ្ញុំមិនគិតថា មានមេដឹកនាំពីររូបណា ដែលបានសម្របសម្រួល ដូចប្រធានាធិបតី Trump និង រូបខ្ញុំនោះទេ»។
ជុំវិញសង្គ្រាម នៅអ៊ីរ៉ង់ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានប្រសាសន៍ ដោយបានបង្ហាញការជឿថា សង្រ្គាម អាចបញ្ចប់ឆាប់ជាង ការគិតរបស់មនុស្សធម្មតា។
បើតាម Anadolu, អ៊ីស្រាអែល និង សហរដ្ឋអាមេរិក បានបើកការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សប្រហែល ១,៣០០ នាក់ មកទល់ពេលនេះ រួមទាំង មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

The two leaders also discussed Iran, with Trump saying that if Tehran rebuilt its nuclear facilities the United States would “knock them down.” (Photo by Jim WATSON / AFP)