តុលាការភ្នំពេញសម្រេចចោទប្រកាន់និងឃុំខ្លួនមនុស្ស៦៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទសរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ជនត្រូវចោទសរុបចំនួន ៦៥នាក់ ដែលមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានសមត្ថកិច្ចនៃគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប ចុះបង្ក្រាបទីតាំង Online Scams ក្នុងទីតាំងខុនដូរ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនចំនួន៦៥ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទខាងលើនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០២៥ ដល់ក្នុងឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។
បើយោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៣៨០ ចែងថាអំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្ត៖
១- ដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ ២- ដោយបុគ្គលដែលតាំងខ្លួនជាអ្នករាជការសាធារណៈ។ ៣- ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីបោះពុម្ពចេញឱ្យប្រើប្រាស់នូវមូលបត្រ។ ៤- ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីអង្គាសមូលនិធិសម្រាប់ជាជំនួយមនុស្សធម៌ ឬសង្គមកិច្ច។ ៥- ជាក្រុមមានការចាត់តាំង។
ដោយឡែករបាយការណ៍របស់ក្រសួងយុត្តិធម៌បង្ហាញថា រយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជិត៦០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី , សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះនឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខ ៕
ដោយ៖ង៉ាន ទិត្យ








