ការដឹកជញ្ជូនតាមសមុទ្រ កើនឡើង ៣០ភាគរយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ បើទោះបី ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា បានកើនឡើង ៣៨ភាគរយ នៅរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២៣ ខែមីនា។
ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ ក្នុងជំនួបជាមួយក្រុមអ្នករាយការណ៍ព័ត៌មាន ថាការកើនឡើងនៃការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ឯកឧត្តមចាត់ទុកការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា«ឆ្នាំ២០២៤កើន២៩ភាគរយ,២០២៥ កើន៣០ភាគរយ ហើយ៣ខែដំបូងឆ្នាំនេះ កើន៣៨ភាគរយ។ កាលណាកំពង់ផែកើន សេដ្ឋកិច្ចក៏កើនដែរ»។
បើតាមអគ្គនាយកកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កាលពី ឆ្នាំ២០២៥ ការដឹកជញ្ជូនតាមកំពង់ផែសមុទ្រនេះ កើនឡើងប្រមាណ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
ក្រោយមានការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ការដោះដូរទំនិញរបស់ប្រទេសគូជម្លោះនេះ ស្ទើរតែគ្មានសកម្មភាពទាល់តែសោះ លើកលែងតែប្រភេទទំនិញ ដូចជា គ្រឿងបង្គុំ និងគ្រឿងបន្លាស ជាដើម ដែលនាំចូលតាមផ្លូវទឹក។ នេះបើតាមឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕
ដោយ៖ខន ណារី ,ង៉ាន ទិត្យ



