កោះស្រឡៅនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា កោះស្រឡៅដែលស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុងនឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា ខណៈក្រសួងនេះកំពុងដាក់ផែនការសកម្មភាពអភិវឌ្ឍន៍កោះនេះឱ្យក្លាយទៅជាអ្វីដែលក្រសួងចង់បាន។
លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះអព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបានប្រកាសដោយឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ។
បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ការរៀបចំជាកោះអព្យាក្រឹតកាបូន ផ្តោតលើយុទ្ធសាស្រ្តចម្បង៣ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាពពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅជាកោះអព្យាក្រឹតកាបូននាពេលខាងមុខ រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថានឹងរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន៦។ ដូចជា៖ ១.ធ្វើការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ,២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ,៣.ការអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពលពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ,៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ,៥.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និង៦.ការធ្វើកសិកម្មវ័យឆ្លាត។ល។
សូមជម្រាបថាពិធី«ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» ដោយធ្វើគួបគ្នានេះ ក្នុងគោលបំណង អប់រំផ្សព្វផ្សាយបរិស្ថាន វប្បធម៌ សេដ្ឋកិច្ច និងការកម្សាន្ត ។ជាការលើកទឹកចិត្ត និងផ្តល់ឱកាសដល់សាធារណជនទូទៅបានចូលរួម និងស្វែងយល់បន្ថែមពីការការពារ ការអភិរក្ស និងអត្ថប្រយោជន៍នៃព្រៃកោងកាងសម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងនិរន្តរភាពមនុស្សគ្រប់ជំនាន់៕
ដោយ៖ម៉ាដេប៉ូ







