អាមេរិក បញ្ចេញទូកល្បឿនលឿនគ្មានមនុស្សបើកប្រឆាំងដ្រូនអត្តឃាតក្នុងសង្គ្រាម អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់ពង្រាយទូកល្បឿនលឿនគ្មានមនុស្សបើក ដែលមានសមត្ថភាពស៊ើបការណ៍សម្ងាត់ និងវាយប្រហារយោធា ដើម្បីចូលរួមគាំទ្រដល់បេសកកម្មល្បាតដែនសមុទ្រនៅតំបន់មជ្ឈិមបូព៌ា ។
បើតាម BlackSea Technologies, ទូកល្បឿនលឿនគ្មានមនុស្សបើករបស់អាមេរិកនេះមានឈ្មោះថា ទូកស៊ើបការណ៍ស្វ័យប្រវត្តិ GARC ផលិតដោយក្រុមហ៊ុន BlackSea Technologies ។
វាមានដងខ្លួនជិត ៥ ម៉ែត្រ និងកម្ពស់ ១ ម៉ែត្រ ៧៥ សង់ទីម៉ែត្រ បំពាក់ដោយម៉ាស៊ីនល្បឿនលឿនដែលអាចរត់ដល់ទៅ ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអាវុធក្នុងទម្ងន់ប្រហែល ៤៥៤ គីឡូក្រាម ។
ទូក GARC មានសមត្ថភាពល្បាតដែនសមុទ្រជាង ៤៥០ ម៉ោង និងរត់លើផ្ទៃទឹកក្នុងចម្ងាយដល់ទៅ ៣ ពាន់ ៥៤០ គីឡូម៉ែត្រ ។
បើតាម Times of india, ការដាក់ពង្រាយទូកល្បឿនលឿននេះ មានគោលបំណងបង្កើនការឃ្លាំមើល ឬការវាយប្រហារប្រឆាំងយន្តហោះដ្រូនពិឃាត Kamikaze របស់អ៊ីរ៉ង់ ។
បន្ថែមពីលើបេសកកម្មស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ ទូក GARC ក៏អាចបម្រើសេវាកម្មតភ្ជាប់ទំនាក់ទំនង សង្គ្រាមប្រឆាំងនាវាមុជទឹក និងមីនដាក់ក្នុងបាទសមុទ្រផងដែរ ជាពិសេសបេសកកម្មប្រឆាំងយានដ្រូនទាំងលើអាកាស និងក្រោមទឹក ។
ដោយសារតែសមត្ថភាពដ៏អស្ចារ្យនេះ កងទ័ពជើងទឹកអាមេរិកមានបំណងផលិតទូកល្បឿនលឿន GARC ឲ្យបាន ៣២ គ្រឿងក្នុងមួយខែ ដើម្បីទប់ទល់ការគំរាមកំហែងក្នុងតំបន់ ជាពិសេសការល្បាតនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕
ប្រភព ៖ Times of india, BlackSea Technologies និង Stripes ប្រែសម្រួល ៖ ឈឹម ទីណា
