លោក ត្រាំ ថា នឹងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ចប់ប្រតិបត្តិការយោធា នៅប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗខាងមុខនេះ។
មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ បានអះអាងបែបនេះ ក្នុងពេលត្រូវបានសួរនាំ នៅឯសេតវិមាន អំពីផលប៉ះពាល់ នៃតម្លៃប្រេងឥន្ធនៈខ្ពស់ ចាប់តាំងពីការចាប់ផ្តើម នៃ សង្គ្រាម។
លោកបានរៀបរាប់ថា កងកម្លាំងសហរដ្ឋអាមេរិកនឹងបញ្ចប់ប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ដោយជំរុញឱ្យមានពេលវេលាកំណត់ពី ២ ទៅ ៣ សប្តាហ៍។ លោក ត្រាំ និយាយថា «អ្វីដែលខ្ញុំត្រូវធ្វើ គឺចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយយើងនឹងធ្វើវាឆាប់ៗនេះ …សកម្មភាពនឹងធ្លាក់ចុះ» ។
ជុំវិញការចរចាបញ្ចប់សង្គ្រាម រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអង្គារដែរថា «មានការពិភាក្សាដោយផ្ទាល់មួយចំនួន កំពុងដំណើរការ រវាងផ្នែកខាងក្នុង នៃប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជាចម្បង តាមរយៈអន្តរការី» ។
បើតាមការចេញផ្សាយ របស់កាសែត The Wall Street Journal កាលពីថ្ងៃចន្ទ, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាអ៊ីរ៉ង់ មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ ហើយ លោកប្រាប់ថា ស្វែងរកការបើកផ្លូវទឹកនេះ តាមមធ្យោបាយការទូតវិញ។ ប៉ុន្តែ បើបរាជ័យ ចរចាមិនត្រូវរូវគ្នា សហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រពែក្ស ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រមួយនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
