វិមានក្រឹមឡាំង គំរាមឆ្លើយតប បើសិន អឺរ៉ុប ឱ្យ អ៊ុយក្រែន ប្រើដែនអាកាសខ្លួនវាយប្រហារដ្រូនលើ រុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ អង្គារ បានគំរាមសងសឹក ប្រសិនបើខ្លួនដឹងថា រដ្ឋសមាជិកអឺរ៉ុបកំពុងបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី ។

ការព្រមានធ្ងន់ៗនេះ កើតឡើងក្រោយមានរបាយការណ៍ថា ប្រទេសបាល់ទិកដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប បានបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដើម្បីវាយប្រហារដោយយន្តហោះដ្រូន ដែលកំណត់គោលដៅចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាពិសេសតំបន់ Leningrad ។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ បានបោះសម្តីព្រមានទុកមុនថា ប្រសិនបើរឿងនេះកំពុងកើតឡើងមែន នោះវានឹងបង្ខំឱ្យរុស្ស៊ីចាត់វិធានការឆ្លើយតបសមស្របវិញ ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី, ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនអ៊ុយក្រែនចំនួន ៩២ គ្រឿង កាលពីថ្ងៃ អង្គារ ខណៈដែលអភិបាលរដ្ឋ Leningrad លោក Alexander Drozdenko និយាយថា មនុស្សចំនួន ៣ នាក់ រួមទាំងកុមារ ២ នាក់បានរងរបួស ។

បើតាមស៊ីនហួរ, កាលពីសប្តាហ៍កន្លងមក យន្តហោះដ្រូនអ៊ុយក្រែនបានកំណត់គោលដៅម្តងហើយម្តងទៀតលើទីតាំងនានាក្នុងតំបន់ Leningrad របស់រុស្ស៊ី រួមទាំងការវាយប្រហារជាច្រើនលើកលើកំពង់ផែ Ust-Luga ដែលជាស្ថានីយនាំចេញប្រេងដ៏សំខាន់របស់រុស្ស៊ី ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner