អ៊ីរ៉ង់ បន្ទន់ឥរិយាបថព្រមបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួន
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់មានឆន្ទៈចាំបាច់ដើម្បីបិទបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួន ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ។
លោក Pezeshkian បញ្ជាក់ថា លក្ខខណ្ឌចាំបាច់ទាំងនោះគឺ អ៊ីរ៉ង់ត្រូវតែមានការធានាសន្តិសុខច្បាស់លាស់ពីសំណាក់អន្តរជាតិ ជាពិសេសត្រូវបង្កើតយន្តការមួយចំនួនដើម្បីធានាថា ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនវិលទៅរកសង្គ្រាមជាមួយអ៊ីរ៉ង់ម្ដងទៀតនោះទេ ។
បើតាមសារព័ត៌មាន Dailymirror, ជំហរបន្ទន់ឥរិយាបទបែបនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងផែនការ ១៥ ចំណុចរបស់អាមេរិកជាមួយនឹង ការដាក់ចេញនូវសំណើសន្តិភាពចំនួន ៥ ចំណុចទៅកាន់សហរដ្ឋអាមេរិកវិញផងដែរ ។
លោក Pezeshkian រៀបរាប់ថា ដំណោះស្រាយ ដើម្បីធ្វើឱ្យស្ថានការណ៍ មានលក្ខណៈធម្មតាវិញ គឺ ជាការបញ្ឈប់សកម្មភាពវាយប្រហារដ៏ខ្លាំងក្លារបស់ប្រទេសទាំងពីរមកលើអ៊ីរ៉ង់ ។
ប៉ុន្តែលោកប្រធានាធិបតីព្រមានថា ក្នុងករណីមានការអន្តរាគមន៍ពីប្រទេសខាងក្រៅណាមួយនៅក្នុងសង្រ្គាមមួយនេះ វានឹងបង្កផលវិបាករឹងតែធ្ងន់ធ្ងរ ។
បើតាមរបាយការណ៍របស់អាជ្ញាធរអ៊ីរ៉ង់, ចាប់តាំងផ្ទុះសង្គ្រាម ដែលផ្តើមចេញពីការស្រាក់ដៃគ្នាវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក , មានមនុស្សរាប់ពាន់នាក់ បានស្លាប់ និង រងរបួស ក្នុងនោះ ក៏មានការបាត់បង់អាយុជីវិតកុមារចំនួន ២១៦ នាក់ និងស្ត្រីចំនួន ២៤៩ នាក់ ផងដែរ ៕
ប្រភពពី Dailymirror, ប្រែសសម្រួល ៖ សារ៉ាត