រុស្ស៊ី ផ្លែផ្កាឲ្យ អាមេរិក ថា ចង់លេបយកប្រេងអ្នកដទៃ តែប្រើលេសប្តូរការដឹកនាំនៅ អ៊ីរ៉ង់ និងវេណេស៊ុយអេឡា
មូស្គូ ៖ ប្រមុខការទូតរុស្ស៊ីកាលពីថ្ងៃអង្គារបានផ្លែផ្កាពាក្យសម្ដីទៅកាន់សហរដ្ឋអាមេរិកថា មានចេតនាលេបយកធនធានប្រេង និងឧស្ម័នរបស់ប្រទេសដទៃ ប៉ុន្តែយកលេសបង្កើតផែនការផ្លាស់ប្តូរការដឹកនាំនៅអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរការដឹកនាំនៅប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា គឺមានគោលបំណងធំតែម្យ៉ាងគត់ គឺដើម្បីគ្រប់គ្រងបន្ថែមទៀតលើធនធានប្រេង និងឧស្ម័ន ។
ប្រមុខការទូតរុស្ស៊ីវ័យ ៧៦ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន មិនចង់បានទំនាក់ទំនងប្រក្រតីភាពឡើងវិញជាមួយអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួននោះទេ ។
លោកព្រមានថា ការគិតបែបនេះ នឹងធ្វើឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ា អាចវិវត្តទៅជាជម្លោះកាន់តែទូលំទូលាយហួសពីការគ្រប់គ្រង ។
ការចោទប្រកាន់របស់រុស្ស៊ី កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានអះអាងដោយគ្មានការលាក់លៀម នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Financial Times ដែលចេញផ្សាយកាលពីថ្ងៃ អាទិត្យ ថា រូបលោកចង់លេបយកប្រេងពីអ៊ីរ៉ង់ ហើយថែមទាំងបានបង្ហើបពីលទ្ធភាពដណ្តើមយកមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំរបស់អ៊ីរ៉ង់ គឺកោះ Kharg ផងដែរ ។
បើតាមរ៉យទ័រ, វេណេស៊ុយអេឡា និងអ៊ីរ៉ង់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់ប្រេង និងថាមពលរបស់ពិភពលោក ។
តួយ៉ាង វេណេស៊ុយអេឡា មានទុនបម្រុងប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈដែលអ៊ីរ៉ង់បានដើរតួនាទីជាយុទ្ធសាស្ត្រ ទាំងក្នុងការផលិតប្រេង និងឧស្ម័នធម្មជាតិនៅក្នុងទ្រង់ទ្រាយធំជាសកល ៕
ប្រភព ៖ US NEWS និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

