ឆ្នាំ២០២៥ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជាង២០លានម៉ែត្រគូប ខណៈដើមឆ្នាំ២០២៦ ទប់ស្កាត់បានជាង៦លានម៉ែត្រគូប
ភ្នំពេញ៖ គិតចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ចំនួនជាង ៦,៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ខណៈពេញមួយឆ្នាំ២០២៥ កន្លងទៅទប់ស្កាត់បានជា២០លានម៉ែត្រគូប។
ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃពុធទី១ ខែមេសា ថាក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាតនៅក្នុងប្រទេសបានជាង២០លានម៉ែត្រគូប។ដោយឡែកត្រីមាសទី១ឆ្នាំ២០២៦ទប់ស្កាត់ទឹកកខ្វក់ជាង៦,៣លានម៉ែត្រគូប ។
ទឹកកខ្វក់ត្រូវបានអ្នកជំនាញអះអាងថា ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រសិនជាពុំមានការទប់ស្កាត់ទេ។
ដោយឡែកបើគិតត្រឹមខែមីនាកន្លងទៅថ្មីៗនេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹកក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ចសន្យាដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យចំនួន ៦៨ ទីតាំង។
ក្រសួងបរិស្ថានបញ្ជាក់ថា ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។
ក្រសួងបានកំពុងជំរុញដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចូលរួមចំណែកប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន បញ្ហាបរិស្ថានសុខភាពអនាម័យនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាតលើដីនិងស្អាត ក្នុងខ្យល់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ដោយ៖ម៉ាដេប៉ូ












