អង់គ្លេស សន្យាជំរុញបើកច្រកសមុទ្រ Hormuz ឡើងវិញ
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer សន្យាថា ប្រទេសរបស់លោកនឹងសម្របសម្រួលជំរុញផ្នែកការទូត ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ មិនត្រឹមតែគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងកំពុងបំបែកបំបាក់សម្ព័ន្ធភាពក្នុងអង្គការណាតូ ។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper នឹងធ្វើជាប្រធានកិច្ចប្រជុំដ៏សំខាន់មួយនៅចុងសប្តាហ៍នេះ ដោយមានការចូលរួមពីប្រទេសចំនួន ៣៥ មកពីក្រុមប្រទេស G7 អឺរ៉ុប និងឈូងសមុទ្រពែរ្ស ដើម្បីរួមគ្នាជំរុញផែនការអនុញ្ញាតឱ្យកប៉ាល់នានា អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់នៅមជ្ឈិមបូព៌ាឡើងវិញ ។
បើតាម Bloomberg, លោកនាយករដ្ឋមន្រ្តី Starmer បានបញ្ជាក់ជាថ្មីអំពីគោលជំហររបស់ចក្រភពអង់គ្លេស នៅក្នុងការមិនលូកដៃទៅក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយលោកជឿជាក់លើវិធានការការទូត និងនយោបាយ ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ ការធានាសុវត្ថិភាពរបស់កប៉ាល់ និងក្រុមនាវិកដែលជាប់គាំង ក៏ដូចជាបន្តចលនាទំនិញសំខាន់ៗឡើងវិញ ។
បន្ថែមលើនេះ រូបលោកក៏មានផែនការកោះប្រជុំជាមួយអ្នករៀបចំផែនការយោធារបស់អង់គ្លេស ក្នុងគោលបំណងពិនិត្យមើលពីវិធីសាស្រ្ត ធ្វើឱ្យច្រកសមុទ្រ Hormuz អាចធ្វើនាវាចរណ៍បានជាធម្មតាឡើងវិញ និងមានសុវត្ថិភាព បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់ ។
យោងតាម Al Jazeera, ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
ការបិទខ្ទប់នេះ បណ្ដាលឱ្យកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២០ បារ៉ែលក្នុងមួយធុងបារ៉ែល ៕


ប្រភព ៖ Bloomberg Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា