បារាំង ប្រាប់ សហរដ្ឋអាមេរិក ថា NATO បម្រើសន្តិសុខអឺរ៉ុប-អាត្លង់ទិក មិនមែនបម្រើការវាយលុកនៅច្រកសមុទ្រ Hormuz ទេ
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយផ្លែផ្កាឱ្យសហរដ្ឋអាមេរិកចំៗថា អង្គការណាតូបង្កើតឡើងគឺដើម្បីធានាសន្តិសុខនៅក្នុងតំបនអឺរ៉ូ-អាត្លង់ទិក ហើយមិនមែនបង្កើតឡើងដើម្បីប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ Hormuz នោះទេ ។
ការអះអាងបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងក្នុងគោលបំណងឆ្លើយតបចំពោះការរិះគន់ធ្ងន់ៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា សម្ព័ន្ធមិត្តណាតូអសកម្ម ក្នុងការជួយគាំទ្រដល់សង្គ្រាមសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ហើយថែមទាំងគំរាមដើរចេញពីបក្សសម្ព័ន្ធយោធាដ៏មានឥទ្ធិពលមួយនេះ ។
បើតាម Straits Times, លោកប្រធានាធិបតី ម៉ាក្រុង បាននិយាយកាលពីថ្ងៃ ពុធ យ៉ាងដូច្នេះថា ខ្ញុំសូមរម្លឹកអ្នក (លោក ត្រាំ) ថា អង្គការណាតូជាអ្វី ។ វាគឺជាសម្ព័ន្ធភាពយោធាមួយ ដែលបង្កើតឡើងដើម្បីបម្រើសន្តិសុខនៅក្នុងតំបន់អឺរ៉ូ-អាត្លង់ទិក ។
លោកថា ណាតូមិនមែនបង្កើតឡើង ដើម្បីបម្រើប្រតិបត្តិការវាយប្រហារនៅច្រកសមុទ្រ Hormuz នោះទេ ។ បន្ថែមលើនេះ អនុរដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី អាលីស រូហ្វូ ក៏បានអះអាងដែរថា បើសិនណាតូធ្វើដូច្នេះ នោះវានឹងក្លាយជាការរំលោភលើច្បាប់អន្តរជាតិ ។
ជំនួសមកវិញ លោកប្រធានាធិបតី ម៉ាក្រុង បានស្នើឱ្យមានក្របខ័ណ្ឌអង្គការសហប្រជាជាតិ សម្រាប់សកម្មភាពណាមួយនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ៕


ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា