អ៊ីរ៉ង់ ទាត់ចោលការស្នើសុំបទឈប់បាញ់ពីលោក ត្រាំ
តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប ចេញមុខទាត់ចោលការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថា ប្រធានាធិបតីរបស់ខ្លួន គឺលោក ម៉ាស៊ូត បេហ្សេស្កៀន បានស្នើសុំបទឈប់បាញ់ ទាំងដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបន្តសង្គ្រាមប្រឆាំងប្រទេសខ្លួនមិនដកដៃ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មែល បាកាអ៊ី បានច្រានចោលសេចក្ដីថ្លែងការណ៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មាន Al Jazeera ដោយនិយាយថា នេះជាសម្ដីគ្មានការពិត និងគ្មានមូលដ្ឋាន ។
ប្រតិកម្មរបស់អ៊ីរ៉ង់ កើតឡើងក្រោយមេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ផ្លូវការរបស់លោក កាលពីថ្ងៃ ពុធ ថា រដ្ឋបាលរបស់លោក នឹងពិចារណាលើសំណើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នៅពេលច្រកសមុទ្រ Hormuz បើកចំហ សេរី និងច្បាស់លាស់ ។
បើតាម Al Jazeera, រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមអ៊ីរ៉ង់ ស្របពេលមានការហក់ឡើងតម្លៃថាមពលសកល និងការប្រឆាំងយ៉ាងទូលំទូលាយចំពោះជម្លោះនេះ ក្នុងចំណោមសាធារណជនអាមេរិក ។
យោងតាមរបាយការណ៍របស់អាជ្ញាធរអ៊ីរ៉ង់, ចាប់តាំងផ្ទុះសង្គ្រាម ដែលផ្តើមចេញពីការស្រាក់ដៃគ្នាវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក , មានមនុស្សរាប់ពាន់នាក់ បានស្លាប់ និង រងរបួស ក្នុងនោះ ក៏មានការបាត់បង់អាយុជីវិតកុមារចំនួន ២១៦ នាក់ និងស្ត្រីចំនួន ២៤៩ នាក់ ផងដែរ ៕


ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា