បទល្មើសធនធានធម្មជាតិ ៥៥១ករណីត្រូវបានបង្រ្កាប និងជនសង្ស័យ២៩នាក់បញ្ជូនទៅតុលាការ
ភ្នំពេញ៖ត្រីមាសទី១ឆ្នាំ២០២៦ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបានធ្វើសកម្មភាពចុះល្បាតចំនួន ៣.០២១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៥៥១ករណី។ ចំនួននេះមានការថយចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ
ទៅមិញ។ប៉ុន្តែប្រការគួរកត់សម្គាល់បទល្មើសអន្ទាក់ខ្សែចំនួនជាង៧ពាន់ខ្សែ,មងចាប់សត្វព្រៃចំនួនជាង ២ពាន់ម៉ែត្រ ត្រូវបាន
រកឃើញ។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២ ខែមសា ឆ្នាំ២០២៦នេះថា ត្រីមាសទី១កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ៣.០២១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៥៥១ករណី។ បទល្មើសដែលទទួលនូវការបង្រ្កាបមាន៖ បទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃចំនួន ១៥៣ករណី, បទល្មើសដីធ្លីមានចំនួន ១៤៩ករណី,បទល្មើសនេសាទចំនួន ៧៨ករណីនិងបទល្មើសផ្សេងទៀត។សកម្មភាពបង្រ្កាបបទល្មើសធនធានធម្មជាតិ ធ្វើឡើងនៅតាមតំបន់ការពារធម្មជាតិទាំង៧៣ តំបន់ នៅទូទាំងប្រទេស។

ប្រភពដដែលបន្តថា ជាមួយគ្នានេះមន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថានបានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី ,កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

ក្រសួងបរិស្ថានបានបង្ហាញនូវវត្ថុតាងបទល្មើសជាច្រើន ក្នុងនោះវត្ថុតាងគួរចាប់អារម្មណ៍និងជាគ្រោះថ្នាក់សម្រាប់ធនធានធម្មជាតិ មាន អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, ខ្ទមអនាធិបតេយ្យចំនួន ៥៩ខ្ទមត្រូវបានរកឃើញ។

ក៏មានវត្ថុតាងជាច្រើនទៀត ត្រូវបានបង្រ្កាបដែរ ដូចជា គ្រឿងចក្រអេស្កា អាំងវ៉ើតទ័រ, ត្រាក់ទ័រ, អាវុធ, រថយន្ត, គ្រាប់កំាភ្លើង, រថយន្តច្នៃ, អាវុធច្នៃ, គោយន្ត , គ្រាប់អាវុធច្នៃ , ម៉ូតូ , ឈើប្រណីត, ទូក/ម៉ាស៊ីន, ឈើចម្រុះ, រណារយន្ត, រទេះ/រ៉ឺម៉ក, សត្វព្រៃរស់, អន្ទាក់ឆក់ជាដើម។

ក្រសួងបរិស្ថានបានឱ្យដឹងថាវត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរងដើម្បីបន្តនីតិវិធី៕
ដោយ៖ម៉ាដេប៉ូ


