វិភាគ៖ អ្នកឃ្លាំមើលសរសើរអន្តរាគមន៍ប្រមុខរដ្ឋាភិបាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបង ប៉ុន្តែរំលេចពី ការឆ្លៀត ឱកាសរបស់មន្ត្រី និងប្រព័ន្ធយុត្តិធម៌នៅទន់ខ្សោយ
ភ្នំពេញ៖កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Mecedes Benz ស្លាកលេខ C.S 6168 បានបុករះម៉ូតូ២គ្រឿង នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យមនុស្សចំនួន៥នាក់បានស្លាប់ និងទារកក្នុងផ្ទៃម្តាយអាយុ៣ខែផងដែរ។
ជនជាប់សង្ស័យថាជាជនបង្កបានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃពុធទី១ ខែមេសា មុននឹងត្រូវចោទប្រកាន់ជាផ្លូវការដោយសាលាដំបូងខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមនុស្សស្លាប់ច្រើនាក់ និងបទបទរត់គេចខ្លួន ដែលអាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ។
ជនសង្ស័យលោក ស៊ីវ ជ័យសិដ្ឋ អាយុ ២០ ឆ្នាំ ត្រូវគេដឹងថា គឺជាកូនប្រុសរបស់ស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ។ យុវជនរូបនេះបានរត់គេចខ្លួនមួយរយៈ សូម្បីតែឪពុករបស់ខ្លួនក៏បានប្រាប់នគរបាលខេត្តបាត់ដំបងថា ខ្លួនមិនដឹងកូនប្រុសរបស់ខ្លួនរត់គេចទៅទីណានោះទេ រហូតធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងការរួមចំណែករបស់ក្រសួងយុត្តិធម៌។

មុននេះបន្តិច សោកនាដកម្មលើជីវិតពលរដ្ឋទាំង៥នាក់ និងទារកក្នុងផ្ទៃផងនេះ បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គម និងមានការរិះគន់យ៉ាងខ្លាំងពីមហាជន។
មហាជនដែលសម្តែងការព្រួយបារម្ភអំពីជនបង្កដែលអាចស្ថិតក្នុងនិទណ្ឌភាព និងការបារម្ភអំពីឥទ្ធិពលនៃតួនាទីរបស់ឪពុកជនបង្កដែលអាចដាក់សម្ពាធលើអំណាចយុត្តិធម៌ ដូចករណីសង្ស័យអំពីគ្រោះថ្នាក់ចរាចរណ៍ថ្មីៗមុននោះ។

លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ច បានលើកឡើងថា ការចេញបទបញ្ជាដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជាទៅលើករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនេះ បង្ហាញពីការយកចិត្តទុកដាក់ទៅលើពលរដ្ឋរងគ្រោះ និងបន្ថែមទម្ងន់លើចំណាត់ការរដ្ឋបាល និងបច្ចេកទេសឱ្យកាន់តែមានប្រសិទ្ធភាព។
ក៏ប៉ុន្តែលោកយល់ថា ការណ៍នេះក៏បង្ហាញថា អំណាចនៅខាងក្រោមរង់ចាំឆ្លៀតឱកាសប្រសិនបើអំណាចកំពូលមិនបានបញ្ចេញប្រតិកម្មនោះទេ។

លោកបញ្ជាក់ថា ជាមតិរបស់ប្រជាពលរដ្ឋនៅតែយល់ថា ប្រសិនជាគ្មានអ្នកកំពូលណាចេញបញ្ជាទេ អ្នកនៅក្រោមបិទភ្នែក បិទត្រចៀក។ ករណីនេះធ្លាប់មាន។ អ៊ីចឹងបានប្រជាពលរដ្ឋ គាត់ស្រែកហើយស្រែកទៀត ហើយការស្រែករបស់គាត់ធ្វើឱ្យអង្រួនឆន្ទៈនយោបាយរបស់នាយករដ្ឋមន្រ្តីកុំឱ្យចុះថយ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងកូនប្រុសអភិបាលស្រុកកងមាស បានបង្កឱ្យមានការខឹងសម្បារជាច្រើនពីមហាជន ដោយសារយុវជនរូបនោះប្រើពាក្យសម្តីមិនសមរម្យ និងប្រមាថជីវិតជនរងគ្រោះដោយនិយាយថា«ប្រសិនជនរងគ្រោះស្លាប់ សង២ម៉ឺនដុល្លារ»។ យុវជនរូបនេះដំបូងឡើយត្រូវសង្ស័យថា ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ ប៉ុន្តែក្រោយមកមានការបង្ហាញថា អ្នកទទួលខុសត្រូវក្នុងការបង្កគ្រោះថ្នាក់គឺជាស្ត្រីម្នាក់ផ្សេង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍កាលពីឆ្នាំ២០២៣ថា ជនបង្កគ្រោះថ្នាក់មិនអាច«បុកហើយបង់លុយរួចខ្លួន» នោះទេ គឺត្រូវតែទទួលទោសទៅតាមច្បាប់ដោយតឹងរ៉ឹង។
លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែបន្តបង្ហាញភាពរអាក់រអួល ហើយជនរងគ្រោះមិនអាចទទួលបានយុត្តិធម៌ពេញលេញនោះទេ ហើយទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរនឹងកាន់តែថមថយ។

លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកនៅកម្ពុជា លើកឡើងថា ការណ៍ដែលប្រមុខថ្នាក់ដឹកនាំចេញមកបញ្ជាដោយផ្ទាល់នេះ អាចមកពី ការឆ្លើយតបរបស់មន្ត្រីអនុវត្តច្បាប់មានការយឺតយ៉ាវ ចំណាត់ការកន្លងមកមិនសូវមានប្រសិទ្ធិភាព ដែលនាំឱ្យទំនុកចិត្តរបស់មហាជនទៅលើប្រព័ន្ធយុត្តិធម៌សម្រាប់ជនរងគ្រោះហាក់មានកម្រិតទាប។

ឯកឧត្តមបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលដែលបានបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ប្រឈមនឹងការផ្តន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លានរៀល ទៅ ២៥លានរៀល តាមមាត្រា៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ចំណែកក្រុមគ្រួសារជនរងគ្រោះមានសិទ្ធិប្តឹងទាមទារសំណងរដ្ឋប្បវេណីដែលមាន២ប្រភេទ គឺសំណងជួសជុសការខូចខាត និងសំណងជំងឺចិត្ត។
លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ឃើញថា វិធានកាការពង្រឹងលើការផាកពិន័យលើអ្នកបើកបរដោយគ្រឿងស្រវឹង អាចនឹងរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្រឿងស្រវឹង៕
ដោយ៖សៅ សុខអេង
