ឆក់កាបូបបានសម្រេច តែត្រូវជនរងគ្រោះស្រែកថាចោរៗក៏ភ័យជិះបុកគូទរុឺម៉កកង់បី បណ្ដាលឲ្យដួលចាប់ម្នាក់ និងរត់គេចខ្លួនម្នាក់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន កាលវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបប្រាក់) ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនមាន ឈ្មោះ សូត្រ លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ០១នាក់ ៖ ឈ្មោះ សុខ ជាតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយឡែកសម្ភារៈបន្សល់ទុក ៖កាបូបយួដៃចំនួនមានលុយ២០.០០០រៀល និងទូរស័ព្ទដៃ០១គ្រឿង ប្រគល់ជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GE-2912 របស់ជនសង្ស័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួលរបស់ខ្លួនជាមួយមិត្តភក្ត្រ័ក្នុងគោលបំណងទីហូបអីនៅផ្សារអីអន២ ដោយធ្វើដំណើរតាមផ្លូវ១៩២៨ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យជិះម៉ូតូទៅបុកម៉ូតូរឺម៉កកង់បីបណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះកម្លាំងល្បាតរបស់អធិការដ្ឋានបានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍បាននាំខ្លួនជនសង្ស័យមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ រុន គេចខ្លួន ។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕