មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីថ្ងៃ
ភ្នំពេញ៖ ឯកឧត្តម ត្រិន គឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃនៅចុងសប្ដាហ៍នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ត្រិន គឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកការទូត និងនយោបាយ ដើម្បីបន្តអនុវត្តនូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីការ ផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ទស្សនកិច្ចនេះ ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជ៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននិងកំពុងពង្រឹងពង្រីកលើគ្រប់កម្រិត។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម គ្រិន គឹមទូ គ្រោងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
ជុំវិញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់វៀតណាមនៅកម្ពុជាខាងមុខ ត្រូវបានឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី៧ ខែមេសាថា តាមរយៈទំនាក់ទំនងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌគណបក្ស និងក្របខ័ណ្ឌរដ្ឋាភិបាលកម្ពុជា និងវៀតណាម គឺមានទំនាក់ទំនងដ៏ស៊ីជម្រៅ ដែលផ្ដោតទៅលើភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ម្ល៉ោះហើយ តាមរយៈទំនាក់ទំនងដ៏ល្អគ្រប់ក្របខណ្ឌបែបនេះ វានឹងញ៉ាំងជាផ្លែផ្កាសម្រាប់ប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ និយាយជារួម ហើយវាក៏នឹងញ៉ាំងជាផ្លែផ្កាសម្រាប់ប្រយោជន៍នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរផងដែរ ដែលកន្លងមកប្រទេសទាំងពីរ តែងតែសហការគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា ដោយឈរលើស្មារតីនៃការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ ទោះយ៉ាងដូចជា យើងបានដោះស្រាយបញ្ហាជាមួយគ្នាយ៉ាងល្អនៅតាមព្រំដែន ជាផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដែលយើងមានកិច្ចសត្វប្រតិបត្តិការ ការចរចា ការជជែក ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមកដល់ពេលនេះប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនបានប្រមាណ ៨៤ភាគរយហើយ ។ សម្រាប់បញ្ហាព្រំដែនដែលនៅសល់ ភាគីទាំងពីរ បានជម្រុញឲ្យមានការដោះស្រាយ ដោយសុឆន្ទៈនិងលឿនជាទីបំផុតសម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ ។
ឯកឧត្តម ជា ធីរិទ្ធ បន្តថា ពាក់ព័ន្ធនឹងសន្តិសុខនៅតាមព្រំដែន ប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អនៅក្នុងការប្រឆាំងទៅនឹងឧក្រិដ្ឋកម្មអនឡាញ និងបទល្មើសផ្សេងៗទៀត ដែលនេះបង្ហាញយ៉ាងច្បាស់ថា កើតឡើងពីទំនាក់ទំនងរវាងបក្ស និងបក្ស, រដ្ឋ និងរដ្ឋ ហើយក៏ជះឥទ្ធិពលដល់ប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ៕
ដោយ៖ វណ្ណលុក

