សហរដ្ឋអាមេរិក ទទួលស្គាល់ថា សង្គ្រាមអ៊ុយក្រែន “ពិបាកដោះស្រាយបំផុត”
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានទទួលស្គាល់ថា សង្គ្រាមអ៊ុយក្រែន គឺជា “បញ្ហាពិបាកដោះស្រាយបំផុត” ហើយលោកថែមទាំងបានរិះគន់ធ្ងន់ៗលើមេដឹកនាំអឺរ៉ុប ដែលមិនបានធ្វើឲ្យគ្រប់គ្រាន់ ដើម្បីព្យាយាមបញ្ចប់ជម្លោះដ៏រុំារ៉ៃមួយនេះ ។
លោក Vance បានថ្លែងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃ ពុធ ថា យើងខកចិត្ត ចំពោះមេដឹកនាំនយោបាយជាច្រើននៅអឺរ៉ុប ពីព្រោះពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ជាពិសេស ក្នុងការដោះស្រាយជម្លោះជាក់លាក់នោះទេ ។
លោកថា កិច្ចប្រឹងប្រែងដោះស្រាយជម្លោះនេះ បានឃើញវឌ្ឍនភាពគួរឲ្យកត់សម្គាល់ខ្លះដែរ ប៉ុន្តែលោកទទួលស្គាល់ថា វាគឺជា “សង្គ្រាមដ៏លំបាកដោះស្រាយបំផុត” ។
អនុប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា យើងទទួលបានឯកសារពីអ៊ុយក្រែន និងឯកសារពីរុស្ស៊ី ។ តាមពិតយើងបានឲ្យភាគីទាំងពីរ បញ្ជាក់ពីជំហរជាក់ស្ដែងរបស់ពួកគេ ហើយបន្តិចម្ដងៗ ជំហររបស់ពួកគេកាន់តែមានភាពស្រដៀងគ្នាខ្លាំងឡើងៗ ។
លោកថា នោះហើយជាមូលហេតុដែលយើងសម្រេចបានវឌ្ឍនភាពខ្លះៗ បើទោះបីជាយើងមិនទាន់សម្រេចបានវឌ្ឍនភាពចុងក្រោយនៅឡើយក៏ដោយ ប៉ុន្តែលោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីរឿងនេះ ។
ការអត្ថាធិប្បាយរបស់លោក Vance ធ្វើឡើងស្របពេលដែលអ៊ុយក្រែន កាលពីថ្ងៃ ពុធ បានអំពាវនាវឲ្យអាមេរិកដាក់សម្ពាធលើរុស្ស៊ី ដើម្បីឲ្យបញ្ចប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយលើកឡើងថា កិច្ចព្រមព្រៀងឈប់បាញ់របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ បានបង្ហាញពីភាពជោគជ័យនៃការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
