អាមេរិក ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ មិនពាក់ព័ន្ធនឹងលីបង់

ប៊ុយដាប៉ែស ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយ កាលពីថ្ងៃពុធថា ប្រទេសលីបង់ មិនមែនជាផ្នែក នៃកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយអ៊ីរ៉ង់ នោះទេ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។

បើតាមប្រភព, លោក JD Vance អះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើការប្តេជ្ញាចិត្តណាមួយ ចំពោះទីក្រុងតេហេរ៉ង់ ទាក់ទងនឹងការដាក់បញ្ចូលប្រទេសលីបង់ ក្នុងបទឈប់បាញ់នោះឡើយ ហើយថា មាន “ការយល់ច្រឡំ” រវាងភាគីទាំងពីរ។

លោក JD Vance រៀបរាប់ ប្រាប់អ្នកកាសែត នៅប្រទេសហុងគ្រី ថា «ខ្ញុំគិតថា នេះកើតចេញពីការយល់ច្រលំ… អ៊ីរ៉ង់ គិតថា បទឈប់បាញ់ រួមមាន លីបង់ តាមពិត គឺមិនមែនទេ.. យើងមិនដែលបានសន្យានោះទេ..យើងមិនដែលបង្ហាញថា វានឹងកើតឡើងនោះទេ។ អ្វីដែលយើងនិយាយ គឺ ថា បទឈប់បាញ់នឹងផ្តោត លើប្រទេសអ៊ីរ៉ង់ ហើយបទឈប់បាញ់នឹងផ្តោតលើសម្ព័ន្ធមិត្តរបស់អាមេរិក ទាំង អ៊ីស្រាអែល និង បណ្តារដ្ឋឈូងសមុទ្រ»។

ការលើកឡើងនេះ ហាក់ច្របូកច្របល់ ខណៈដែលប៉ាគីស្ថាន ជាឈ្មួញកណ្តាលចរចា បានអះអាងថា បទឈប់បាញ់ ២ សប្តាហ៍នេះ មានទាំង នៅលីបង់ ហើយ អ៊ីរ៉ង់ ក៏អះអាង ដូចគ្នាដែរ។ យ៉ាងណា អ៊ីស្រាអែល ធ្លាប់បានអះអាងថា គាំទ្របទឈប់បាញ់ អាមេរិក និងអ៊ីរ៉ង់ តែ មិនពាក់ព័ន្ធនឹង លីបង់។ លីបង់ ជាប្រទេស ដែលអ៊ីស្រាអែល វាយប្រហារ យកលេសតាមកំចាត់ ក្រុមហេសបូឡាស ដែលទទួលបានការគាំទ្រ ពីអ៊ីរ៉ង់៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner