ចិន ត្រៀមបាញ់រ៉ុក្តែតចេញពីទីតាំងអណ្តែតលើទឹកលើកដំបូងមិនធ្លាប់មានក្នុងលោក
ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី កំពុងត្រៀមខ្លួនបាញ់សាកល្បងរ៉ុក្កែតចេញពីទីតាំងអណ្តែតលើទឹកលើកដំបូងមិនធ្លាប់មានក្នុងពិភពលោក ពោលគឺនៅលើសាឡង់ខ្នាតធំមួយគ្រឿង នៅឯសមុទ្រចិនខាងត្បូង នាចុងសប្តាហ៍នេះ ។
រ៉ុក្តែតនេះឈ្មោះថា Jielong-3 មានកម្ពស់ប្រវែង ៣១ ម៉ែត្រ ដំណើរការដោយថាមពលឥន្ធនៈរឹង ហើយការបាញ់សាកល្បងនេះ នឹងធ្វើឡើងនៅម៉ោងប្រហែល ៧ និង ៣០នាទីយប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ខាងមុខ ។
រ៉ុក្កែត Jielong-3 នឹងបាញ់ចេញពីសាឡង់ខ្នាតធំឈ្មោះថា Dong Fang Hang Tian Gang ដែលមានបណ្តោយប្រវែង ១៦២ ម៉ែត្រ ទទឹង ៤០ម៉ែត្រ ។ វាគឺជាកប៉ាល់បង្កើតឡើងជាពិសេស សម្រាប់ការបាញ់សាកល្បងដ៏សំខាន់នេះ និងត្រូវបានកែសម្រួលមុខងារ ដើម្បីធ្វើប្រតិបត្តិការក្នុងដែនទឹកអន្តរជាតិដោយសុវត្ថិភាព ។
បើតាម South China Morning Post, រ៉ុក្កែតនេះនឹងធ្វើដំណើរជាមួយសាឡាងចេញពីខេត្ត Haiyang ភាគខាងកើតខេត្ត Shandong ទៅកាន់ទីតាំងបាញ់បង្ហោះដែលបានគ្រោងទុកនៅសមុទ្រចិនខាងត្បូង ដែលនេះ ជាយុទ្ធសាស្រ្តដឹកជញ្ជូនរ៉ុក្តែតទៅដាក់ពង្រាយក្នុងចម្ងាយឆ្ងាយ និងឆ្លងសមុទ្រជាលើកដំបូងរបស់ប្រទេសចិន ។
លោក Rand Simberg វិស្វករអវកាស និងជាអ្នកវិភាគគោលនយោបាយអវកាសរបស់សហរដ្ឋអាមេរិក និយាយថា ការសាកល្បងបាញ់បង្ហោះរ៉ុក្តែតរបស់ចិនចេញពីមហាសមុទ្រ អាចជាកត្តាផ្លាស់ប្តូរហ្គេមមួយ ខណៈដែលទីតាំងបាញ់បង្ហោះប្រពៃណីកំពុងតែមរមាញឹកខ្លាំង ជាមួយនឹងការបញ្ជូនផ្កាយរណបពាណិជ្ជកម្ម និងយោធាទៅទីអវកាស ។
យោងតាម Interesting engineering, សម្រាប់ប្រទេសចិន យុទ្ធសាស្រ្តបែបនេះគឺជារឿងដ៏ឆ្លាតវៃ ពីព្រោះវានឹងផ្តល់លទ្ធភាពឱ្យមហាយក្សនៅអាស៊ីមួយនេះ អាចបង្ខិតទីតាំងបាញ់បង្ហោះ ដែលនៅជិតខ្សែអេក្វាទ័រ ជាងទីតាំងបាញ់បង្ហោះនៅលើដីគោក ។
ផែនការនេះដែរ ក៏ស្រដៀងគ្នាទៅនឹងគម្រោងដែលអង្គការ NASA ជ្រើសរើសយកទីតាំងបាញ់បង្ហោះនៅរដ្ឋ Florida ស្របពេលដែលទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានជ្រើសរើសយកទីតាំងបាញ់បង្ហោះនៅតំបន់ Guianas ប្រទេសបារាំង ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា