ពលករ សហគមន៍ និស្សិតខ្មែរ នៅក្រៅប្រទេសមួយចំនួនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ២០២៦ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដូចជានៅក្នុងប្រទេសដែរ ពលករ សហគមន៍ និស្សិតខ្មែរនៅក្រៅប្រទេសមួយចំនួន បានជួបជុំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតាមទីតាំងជាច្រើន ដោយមានពិធីសូត្រមន្តចម្រើនព្រះបរិត្ត ពិធីរាប់បាត្រ បង្សុកូល តាមកិច្ចប្រពៃណីសាសនា ការលេងល្បែងប្រជាប្រិយនានា ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ជាតិដ៏ផូរផង់ ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញថាមានការរៀបចំបុណ្យចូលឆ្នាំថ្មីនៅ
បីប្រទេស។
នៅប្រទេសជប៉ុន ពលករ សហគមន៍ខ្មែរនិងនិស្សិតខ្មែរបានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១៣ទីតាំងដោយមានអ្នកចូលរួមប្រមាណជាង៨ពាន់នាក់យ៉ាងសប្បាយរីករាយ និងអធិកអធម។
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងបានដោយមានការចូលរួមសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA)លើ១៣ទីតាំងក្នុងនោះរួមមានខេត្តអ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និងសួនUenoទីក្រុងតូក្យូជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនពលករ សហគមន៍ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន និងក្រុមការងាររួមគ្នាប្រារព្ធនាពេលនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិបើទោះបីជាស្ថិតនៅឯនាយសមុទ្រក៏ដោយ។
នៅប្រទេសកូរ៉េខាងត្បូងពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ម៉ឺននាក់បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១២ទីតាំងយ៉ាងអធិកអធមដែរ ដោយមានការសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) ដែលមានទាំងពិធីសាសនា ការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត និងការជួបជុំពិសាអាហារដែលជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយដែលកំពុងរស់នៅឯបរទេស។
លើសពីនេះពលករ សហគមន៍ខ្មែរ និងនិស្សិតដែលកំពុងធ្វើការងារនិងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែរ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) នៅទីតាំងចំនួន២កន្លែង ។នេះជាការជួបជុំរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា មានការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំពិសាអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយបើទោះបីជានៅទីណាក៏ដោយ៕
ដោយ៖មុនី
រូបថតៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន














