ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ក្បួនដង្ហែព្រះពុទ្ធបដិមា និងប្រារព្ធកិច្ចស្រង់ព្រះ បង្ហាញពីការថែរក្សាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងជ្រះថ្លាជាទីបំផុត ដែលបានចូលរួមជាមួយព្រះថេរានុថេរៈ ភិក្ខុសង្ឃ ដូនជី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងក្បួនដង្ហែព្រះពុទ្ធបដិមាពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីធ្វើប្រទក្សិណ និងប្រារព្ធកិច្ចស្រង់ព្រះ នាថ្ងៃទី៣ ថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងប្រធាសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងបណ្តាញសង្គមផ្លូវការ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម បន្ថែមថា នាឱកាសពិធីចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរ តែងប្រារព្ធពិធីដង្ហែ និងស្រង់ព្រះពុទ្ធបដិមា ដើម្បីរំលឹកដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ និងសុំសិរីសួស្តីជូនជាតិមាតុភូមិ។ ក្រុមគ្រួសារខ្មែរក៏និយមរៀបចំពិធីស្រង់ទឹកជូនអ្នកមានគុណ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីបង្ហាញនូវកតញ្ញូធម៌ សុំខមាទោស និងទទួលពរជ័យសិរីមង្គលត្រជាក់ត្រជុំក្នុងឱកាសឆ្នាំថ្មី។ កិច្ចពិធីនេះ មិនត្រឹមតែជាការគោរពប្រតិបត្តិតាមគន្លងសាសនា និងបន្តថែរក្សាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិទេ តែជាឱកាសសម្រាប់ការជួបជុំក្រុមគ្រួសារ ដែលបានដកឃ្លាពីការងារមមាញឹក មកប្រារព្ធពិធីរួមគ្នាតាមទំនៀមទម្លាប់ដូនតា។

សូមអរគុណដល់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងកិច្ចពិធីនាថ្ងៃនេះ កាន់តែមានភាពអធិកអធម និងមានអត្ថន័យក្រៃលែង៕

ដោយ៖ង៉ាន់ ទិត្យ

រូបភាព៖សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner