អ៊ីរ៉ង់ ចាប់ផ្តើមរឹបអូសនាវា នៅច្រកសមុទ្រ ហ័រមូស
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានចាប់ផ្តើម រឹបអូសនាវា ២ គ្រឿង នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ទី២២ ខែមេសា ស្របពេលដែល គ្មានសញ្ញា នៃ ការចរចាសន្តិភាព ចាប់ផ្តើម ឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ របស់អ៊ីរ៉ង់ Tasnim បាននិយាយ នៅមុននេះបន្តិចថា ឆ្មាំបដិវត្តន៍បានរឹបអូសនាវា ២ គ្រឿង ដោយសារតែបំពានដែនសមុទ្រ ហើយបាននាំយក កប៉ាល់ ទាំងនោះ ទៅកាន់ច្រាំងសមុទ្រអ៊ីរ៉ង់។ នេះជាលើកទីមួយហើយ ដែលអ៊ីរ៉ង់ ចាប់យកកប៉ាល់ តាំងពីសង្គ្រាម បានចាប់ផ្តើមផ្ទុះឡើង កាលពីចុងខែកុម្ភៈ។
បើតាមកាសែត Tasnim ដដែល, ឆ្មាំបដិវត្តន៍ ក៏បានព្រមានដែរថា ការរំខានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងច្រកសមុទ្រ នឹងត្រូវបានចាត់ទុកថា ជាបន្ទាត់ក្រហម ។
បើតាម CNA, លោក Trump ប្រធានាធិបតីអាមេរិក បានរក្សាការបិទផ្លូវសមុទ្រ លើពាណិជ្ជកម្ម របស់អ៊ីរ៉ង់ ហើយប្រធានសភាអ៊ីរ៉ង់ និង ជាអ្នកចរចាកំពូល លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញនឹងមាន ប្រសិនបើកងទ័ពជើងទឹកទាំងនោះ ត្រូវបានដកចេញ។
«ការបើកច្រកសមុទ្រឡើងវិញ គឺមិនអាចទៅរួចទេ ជាមួយនឹងការរំលោភលើបទឈប់បាញ់ បែបនេះ» លោក Qalibaf បាននិយាយដូច្នេះ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
