ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ
ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ទី២៥ ខែមេសា បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ ។
ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃរដ្ឋបាលស្រុកគាសក្រឡដែលបានឆ្លើយតប និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ ឬរើសអើងចំពោះប្រជាពលរដ្ឋណាមួយឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ន ដូចជាគ្រោះធម្មជាតិ, ផលប៉ះពាល់កើតចេញពីជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងមជ្ឈិមបូព៌ាជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ឱ្យចូលរួមកសាងសាមគ្គីភាព និងសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានឧបត្ថម្ភជាថវិកាចំនួនជាង១២លានរៀលសម្រាប់ទិញជាស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ៕
ដោយ៖ គ្រី សម្បត្តិ








