អឺរ៉ុប ជំរុញឱ្យប្រទេសអាស៊ីអាគ្នេយ៍ស្វែងរកជម្រើសជំនួសប្រេងរបស់ រុស្ស៊ី
ព្រុចសែល ៖ អ្នកការទូតកំពូលអឺរ៉ុប នៅថ្ងៃ អង្គារ បានជំរុញឱ្យប្រទេសដៃគូនៅអាស៊ីអាគ្នេយ៍ ស្វែងរកជម្រើសប្រេងថ្មី ជំនួសឱ្យការផ្គត់ផ្គង់ប្រេងពីរុស្ស៊ី ខណៈប្រទេសពួកគេកំពុងព្យាយាមទប់ទល់នឹងកង្វះខាតប្រេងឥន្ធនៈយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ។
បើតាម Straits Times, ប្រទេសអាស៊ីអាគ្នេយ៍ រួមមានវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលកំពុងស្វែងរកប្រភពប្រេងបន្ថែមពីរុស្ស៊ី ។ តួយ៉ាង ឥណ្ឌូណេស៊ី ថ្មីៗនេះក៏ទើបតែបានប្រកាសពីការទិញប្រេងពីរុស្ស៊ីរហូតដល់ ១៥០ លានបារ៉ែល ។
ជាការឆ្លើយតប ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas និយាយថា រុស្ស៊ីទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលនាំឱ្យមានការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនសំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំរបស់ពិភពលោក រួមទាំងទំនិញសំខាន់ៗផ្សេងទៀត ។
លោកស្រី Kallas បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាននៅប្រទេសប្រ៊ុយណេ ថា ចំណូលប្រេង គឺជាប្រភពហិរញ្ញវត្ថុ ដែលរុស្ស៊ីកំពុងប្រើប្រាស់ ដើម្បីផ្តល់មូលនិធិដល់សង្គ្រាមនៅអ៊ុយក្រែន និងថា ការទិញប្រេងពីរុស្ស៊ី ក៏កំពុងជួយអ៊ីរ៉ង់ឱ្យរក្សាការបិទច្រកសមុទ្រ Hormuz ផងដែរ ។ យ៉ាងណា ផលប្រយោជន៍រួមរបស់អឺរ៉ុប គឺបញ្ឈប់សង្គ្រាមអ៊ុយក្រែនឱ្យខានតែបាន ។
ការអំពាវនាវនេះរបស់លោកស្រី Kallas កើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប ទើបអនុម័តកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ក្នុងខែ មេសា រួមទាំងការរឹតបន្តឹងលើការជួញដូរប្រេង ក្នុងគោលដៅកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលផ្តល់មូលនិធិដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
